Featured ព័ត៌មានអន្តរជាតិ

មកដឹងពីទម្ងន់គ្រាប់បែកសរុប ដែលអ៊ីស្រាអែល ទម្លាក់លើតំបន់ហ្គាហ្សាស្រ្ទីប

អន្តរជាតិ៖ចាប់តាំងពីផ្ទុះការប្រយុទ្ធគ្នាមិនធ្លាប់មានពីមុនមក កាលពីថ្ងៃ៧ ខែតុលាកងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកប្រមាណ១៨.០០០តោនទៅលើតំបន់ហ្គាហ្សាស្ទ្រីបឬប្រហែល១,៥ដងនៃកម្លាំងផ្ទុះនៃគ្រាប់បែកដែលទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទី២។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Salama Marouf ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋាភិបាលប៉ាឡេស្ទីនបាននិយាយថា ក្នុងការទម្លាក់គ្រាប់បែកមិនប្រណីដៃពីកងកម្លាំងអ៊ីស្រាអែលនោះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរតែគ្មានសល់ រួមទាំងអគាររដ្ឋាភិបាលនៅតំបន់ហ្គាហ្សាចំនួន៨៥ខ្នងផងដែរ ។ទន្ទឹមនោះអ៊ីស្រាអែលក៏បានកម្ទេចវិហារអ៊ីស្លាមចំនួន៤៧កន្លែង និងបានបង្កការខូចខាតយ៉ាងដំណុំដល់ព្រះវិហារធំៗចំនួន៣។ បន្ថែមពីនេះក្នុងការវាយប្រហារទាំងនោះក៏បំផ្លិចបំផ្លាញអគារជាង២០ម៉ឺនខ្នង ដែលក្នុងនោះ៣២.៥០០ ខ្នងមិនអាចឱ្យពលរដ្ឋបន្ត ឬជួសជុលរស់នៅបានឡើយ ។

ស្របពេលជាមួយគ្នានេះ គ្រាប់បែកប្រមាណ១៨.០០០តោនដែលអ៊ីស្រាអែលទម្លាក់ដោយគ្មានសំចៃនេះ ក៏បានកម្ទេចសាលារៀនចំនួន២០៣ខ្នងឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្នសាលារៀនចំនួន៤៥ខ្នង មិនអាចបើកទ្វារបង្រៀនសិស្សបានឡើយ ដោយសារតែការទម្លាក់គ្រាប់បែកនៅតែបន្តស្រោចដូចទឹកភ្លៀង ដូច្នេះស្ថិតិទាំងនេះនឹងមានការកើនឡើងបន្ថែមទៀត។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ការទម្លាក់គ្រាប់បែក ក៏ដូចជាការវាយប្រហារណាមួយទៅលើទីកន្លែងគោរពបូជា សាលារៀន និងសំណង់ស៊ីវិលផ្សេងទៀត គឺត្រូវបានហាមឃាត់។តែខាងអ៊ីស្រាអែល​បាន​អះអាង​ថា ការវាយប្រហារទាំងនេះ គឺសំដៅទៅលើក្រុមប្រដាប់ហាម៉ាស់ ដោយសារតែក្រុមប្រដាប់អាវុធទាំងនោះកំពុង​ជ្រកកោន​នៅ​ក្នុង ឬ​ជុំវិញ​អគារ​ទាំងនេះ។គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ជនជាតិប៉ាឡេស្ទីនជិត៨.៨០០នាក់ហើយត្រូវបានសម្លាប់។ក្នុងនោះមានជាង៣.០០០នាក់នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ខណៈតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលទាំងនេះនឹងនៅតែបន្តកើនឡើងរៀងរាល់នាទី។ ប្រសិនបើកងកម្លាំងអ៊ីស្រាអែលមិនព្រមបញ្ឈប់ការវាយលុកប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនទេនោះ៕ប្រែសម្រួលដោយ៖ជីវ័ន្ត។ប្រភពពីកម្ពុជាថ្មី

rsc

Leave a Reply

Your email address will not be published. Required fields are marked *