ព័ត៌មានសង្គម សន្តិសុខ

​”​តើ​អ្នកណា​លួច​ស៊ី​គ្រឿង​ឡាន​ដែលទុកក្នុងអធិការដ្ឋានប៉ូលិសខេត្តកណ្តាល​​​?”

​កណ្តាល​៖​ខាង​ប៉ូលិស​បាន​សង​ប្រាក់​ចំនួន​១.២០០​ដុល្លារ​ជូន​ជនរងគ្រោះ​វិញ​ហើយ​នៅ​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០២០​នេះ​ដើម្បី​បញ្ចប់រឿង​ក្រោយ​ផ្ទុះ​ប្រតិកម្ម​យ៉ាងខ្លាំង​ខ្លា​ពី​សំណាក់​មហាជន​។​ចំពោះ​ប៉ូលិស​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ដែល​រង​ការចោទប្រកាន់ថា​«​បាន​ស៊ី​គ្រឿង​ឡាន​ជា​វត្ថុតាង​ខ្ទេចខ្ទី​» ។

ប៉ុន្តែ​ទន្ទឹមនេះ​មហាជន​ចង់ដឹងថា​«​តើ​អ្នកណា​ជា​អ្នក​លួច​ស៊ី​គ្រឿង​ឡាន​នេះ​ជា​ប៉ូលិស​ឬ​ចោរ​មកពី​ខាងក្រៅ​»?​ដែល​ពេលនេះ​ប៉ូលិស​មិនទាន់មាន​បកស្រាយ​ទេ​ក្រៅពី​ការសង​សំណង​ទៅ​ជនរងគ្រោះ​ខណៈ​អង្គភាព​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ក៏បាន​ទទួលស្គាល់​កំហុស លើ​កង្វះខាត​នៃ​ការគ្រប់គ្រង នេះ​រួចហើយ ។​

សូមបញ្ជាក់ថា​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«HokTanghong»​បាន​បង្ហោះ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា​ឆ្នាំ​២០២០​ថា​«​នេះហើយ​ឡាន​ខ្ញុំ​ដែល​បាន​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​។​ពេលមកដល់​គ្រឿង​ពេញ​ដល់ពេល​មក​ដក​ឡាន​វិញ​ស៊ី​គ្រឿង​អស់​សុំ​ខ្លាច​ហើយ​លោក​ប៉ូលិស​អើយ​ធ្លាប់តែ​ឮ​គេ​ថា​ឥឡូវ​ជួប​ផ្ទាល់​ខ្លួនឯង​បានដឹង​»​។​

​ទោះបីយ៉ាងណា​ជុំវិញ​បញ្ហា​នេះ​នៅ​រសៀល​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​បាន​ព្យាយាម​ទំនាក់ទំនង​ទៅកាន់​លោក​វរសេនីយ៍ឯក​មានសំណាង​អធិការនគរបាល​ស្រុក​អង្គស្នួល​ដើម្បី​បញ្ជាក់​ករណីនេះ​តែ​លោក​ប្រាប់ថា «​កំពុង​ជាប់​ប្រជុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​»​។​

​នាពេល​ថ្មីៗ​នេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា «​មន្ត្រី​អនុវត្ត​ច្បាប់​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ផងដែរ​នូវ​សកម្មភាព​បំពាន​ច្បាប់​ក្នុងពេល​បំពេញ​មុខងារ​របស់ខ្លួន យោងតាម​មាត្រា​៧៤ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​»​។​

​មាត្រា​៧៤​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ចែងថា​«​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ណា​ដែល​នៅក្នុង​ក្របខណ្ឌ​មុខងារ ឬ ក្នុងឱកាស​បំពេញ​មុខងារ​របស់ខ្លួន ដែល​បាន​ដកហូតយក​បណ្ណ​បើកបរ​ស្លាក​លេខ បណ្ណ​សម្គាល់​យានជំនិះ​ឬ​ឃាត់ទុក​យានជំនិះ​ដោយ​បំពាន​ច្បាប់​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ថ្ងៃ​ទៅ​១​ខែ និង ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល​ទៅ​៨​សែន​រៀល​»​។​

ក្នុងករណី​ដែល​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ធ្វើឱ្យមាន​ការខូចខាត​ឬ​បាត់បង់​ផ្នែក​ណាមួយ​នៃ​យានជំនិះ​ដែល​បាន​ឃាត់ទុក អង្គភាព​សាមី​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការសង​ការខូចខាត​ឬ​បាត់បង់​នោះ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *