ព័ត៌មានសង្គម សុខាភិបាល

​ណែនាំ​និង​ចែក​ម៉ាស់​ដល់​អ្នកដំណើរ​ដើម្បី​ពាក់​បង្ការ​ការចម្លង​មេរោគ​កូ​រ៉ូ​ណា​

កំពត​៖​ក្នុង​បំណង​ចូលរួម​បញ្ចៀស​ការចម្លង​មេរោគ​កូ​រ៉ូ​ណា​ដែលជា​ប្រភេទ​មេរោគ​បង្ក​ឱ្យ​កើត​ជំងឺ​ថប់ដង្ហើម​នោះ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​បានធ្វើ​ពិធី​ចែក​ម៉ាស់​ដល់​អ្នកដំណើរ​ឆ្លង​កាត់​ដោយ​ឥតគិតថ្លៃ​។

​ក្រោយ​ពិធី​បញ្ចប់​ការចែក​ម៉ាស់​ជូន​អ្នកដំណើរ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជុំ​ប៊ុណ្ណា​រ័ត្ននាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រែកចាកបានមានប្រសាសន៍ថា​ក្នុង​បំណង​បង្ការ​ទប់ស្កាត់​និង​បញ្ចៀស​នូវ​ការចម្លង​មេរោគ​កូ​រ៉ូ​ណា​ដ៏​កាច​សាហាវ​នោះ​។​

លោក​និង​មន្ត្រីក្រោមឱវាទ​បានធ្វើ​ពិធី​ណែនាំ​ផ្សព្វផ្សាយ​ព្រមទាំង​ចែក​ម៉ាស់​ដល់​អ្នកដំណើរ​ឆ្លង​កាត់​ច្រកទ្វារ​ដោយ​ឥតគិតថ្លៃ​ដើម្បី​បាន​ពាក់​ការពារ​គ្រប់ៗ​គ្នា​។​ការចែកជូន​នេះ​ធ្វើឡើង​សម្រាប់​អ្នកដំណើរ​ទាំងអស់​ដោយ​មិន​ប្រកាន់​ថា​ជា​ជនជាតិ​ណា​មួ​ួ​យ​ឡើយ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា​ពេញ​មួយ​ព្រឹក​ថ្ងៃទី​២៧​ខែមករា​ការចែក​ម៉ាស់​ជូន​ភ្ញៀវ​អស់​ប្រមាណ​ជាង​៧០០​បន្ទះ​ហើយ​កម្លាំង​របស់លោក​នឹង​នៅតែ​បន្ត​ផ្តល់ជូន​ចំពោះ​ភ្ញៀវ​ទាំងឡាយ​ដែល​ខកខាន​មិនបាន​ពាក់​ការពារ​។

លោក​ជុំ​ប៊ុណ្ណា​រ័ត្ន​បានបញ្ជាក់​ឱ្យដឹងថា​តាម​ការកត់សម្គាល់​នា​អំឡុងពេល​ចុងក្រោយ​នេះ ការឆ្លងកាត់​របស់​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​នៅមាន​សកម្មភាព​ធម្មតា​។​ប៉ុន្តែ​ជនជាតិ​ចិន​ហាក់ដូចជា​អវត្តមាន​ក្នុងការ​ធ្វើដំណើរ​មក​ក​ម្ពុ​ជា​តាម​ច្រកទ្វារ​ព្រែក​ចាក​។​

លោក​ង៉ែត​សាវឿន​ប្រធាន​អង្គភាព​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​បានបញ្ជាក់​ឱ្យដឹងថា​ខណៈដែល​ស្ថានភាព​នៃ​ជំងឺ​ថប់ដង្ហើម​កំពុង​រីក​រាលដាល​នៅ​ប្រទេស​ចិន​និង​មានការ​ចម្លង​ដល់​ប្រទេស​មួយចំនួន​ក្បែរ​កម្ពុជា​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​។​សមត្ថកិច្ច​និង​អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ក្នុង​ការបង្ការ​ទប់ស្កាត់​ចំពោះ​មេរោគ​ដ៏​កាច​សាហាវ​នេះ​។​

​ក្នុងនោះ​មានការ​បំពាក់​ម៉ាស៊ីន​ស្កែ​ន​និង​បន្ថែម​មន្ត្រី​សុខាភិបាល​ផ្នែក​ច​ត្តា​ឡី​ស័ក​មក​ប្រចាំការ​ទៀតផង​។​លោក​ប្រធាន​អង្គភាព​បាន​បន្តថា​ជាមួយ​នោះដែរ​សមត្ថកិច្ច​នគរ​បាល​អន្តោប្រវេសន៍​ដែល​តែង​នៅ​កៀក​ជាមួយ​ភ្ញៀវ​ចេញចូល​ក៏មាន​ពិធី​អប់រំ​ណែនាំ​ភ្ញៀវ​និង​ចែក​ម៉ាស់​ជូន​ដើម្បី​បាន​ពាក់​ការពារ​យ៉ាងសកម្ម​បំផុត​៕ឌីណា

rsc

Leave a Reply

Your email address will not be published. Required fields are marked *