ព័ត៌មានសង្គម សន្តិសុខ

ភូមិចំនួនបីនៃស្រុកកំពង់សៀមប្រឈមការបាក់ច្រាំងចូលក្នុងទន្លេ

កំពង់ចាម៖ភូមិចំនួនបីដែលប្រជាពលរដ្ឋរស់នៅស្ថិតក្នុងឃុំកោះទន្ទឹមស្រុកកំពង់សៀមកំពុងប្រឈមការគំរាមកំហែងខ្លាំងពីការបាក់ស្រុតច្រាំងចូលក្នុងទន្លេមេគង្គប្រសិនបើមិនមានវិធានការបន្ទាន់បូមស្តារដីដុះជ្រោយកោះចេញនិងវិធានការការពារច្រាំងទន្លេទេនោះ។

នេះបើតាមការឱ្យដឹងរបស់លោកហេងវណ្ណនីអភិបាលរងខេត្តកំពង់ចាមនៅក្នុងផេកហ្វេសបុករបស់លោក( Vanny Heng) កាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១។ខណៈលោកបានអមដំណើរលោកប៊ុនហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមលោកម៉ៅហាក់អនុប្រធានអាជ្ញាធរទន្លេសាប លោក លន់ លឹមថៃ តំណាងរាស្រ្តមណ្ឌលកំពង់ចាមនិងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ថា្នក់ដឹកនាំបានចុះពិនិត្យស្ថានភាពច្រាំងនិងតួទន្លេមេគង្គដែលប្រឈមការបាក់ស្រុតប្រវែងជាង២.០០០ម៉ែត្រក្នុងភូមិសាស្រ្តខាងលើ។

លោកអភិបាលរងខេត្តកំពង់ចាមបានបញ្ជាក់ថា៖តាមការពិនិត្យជាក់ស្តែងលើទីតាំងច្រាំងទន្លេគឺច្រាំងកំពុងប្រឈមការបាក់មានប្រមាណ ២.៤០០ម៉ែត្រ និងទីតាំងច្រាំងកំពុងប្រឈមការបាក់ស្រុតខ្លាំងប្រមាណ ១.០០០ម៉ែត្រគឺចាំបាច់ត្រូវចាត់វិធានការការពារបន្ទាន់។

លោក ហេង វណ្ណនី បានបន្តថា៖ កន្លងមកច្រាំងទន្លេនៅតំបន់មានការប្រែប្រួលចរន្តទឹកនិងតួទន្លេយ៉ាងខ្លាំងបណ្តាលឱ្យភូមិចំនួនពីរបានបាក់ស្រុតទៅក្នុងទន្លេ និងភូមិចំនួន បី ផ្សេងទៀតកំពុងប្រឈមនឹងការបាក់ស្រុតចូលទន្លេបន្តទៀត។ជាមួយនោះបើមិនស្តារជ្រោយដីដុះកោះចេញ សម្រួលដល់ចរន្តទឹកនិងមិនចាត់វិធានការការពារច្រាំងទន្លេប្រឈមបន្ទាន់ទេគឺការបាក់ច្រាំងទន្លេនឹងគំរាមដល់ភូមិទាំងបីរបស់ប្រជាពលរដ្ឋជាក់ជាមិនខាន៕ដោយ៖សម្បត្តិ

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *