ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

អ្នក​ភូមិ​​រារាំង មិនឱ្យបញ្ចុះសព​បុរសខ្មែរអីស្លាមម្នាក់ដែលស្លាប់ដោយកូ​វី​ដ១៩

ព្រៃវែង៖ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​នាំ​គ្នា​ផ្អើល​ចេញ​មក​រារាំងមិន​ឱ្យ​ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​យក​សព​បុរស​ជនជាតិ​អីស្លា​ម​ម្នាក់​ដែល​ស្លាប់ដោយជំងឺ​កូ​វី​ដ​១៩​មក​បញ្ចុះ​នៅ​លើ​ទួល​កប់សព ​ក្បែ​រភូមិ​ដោយ​ពួកគាត់បារម្ភខ្លាច​ឆ្លង​ជំងឺកូ​វី​ដ​១៩​។ហេតុ​ការ​ណ៍​នេះ បាន​កើតឡើង​ នៅ​តំបន់​ភូមិ​ល្ហើយ​ស្ថិត​ក្នុងភូមិ​ឧ​ត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង​កាលពីរសៀល ថ្ងៃទី១ សីហាឆ្នាំ២០២១។

ប្រភពបានឱ្យដឹងថា សាកសព​ដែល​ត្រូវ​បាន​គេ​ដឹក​បំណង​យក​មក​បញ្ចុះ​នៅ​ទីតាំង​ខាងលើ គឺ ​មាន​ទីលំ​នៅ​ក្នុងភូមិ​ចាក់​ខ្លាញ់ ឃុំ​ពាមរ​ក៍ ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង​។ គេ​ឃើញ​មាន​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង បាន​បើក​ចូល​មក​ក្នុងភូមិ ហើយ​បាន​ប្រាប់​អ្នក​ភូមិ​ថា គេ​ចូល​មក​ជីក​ធ្វើ​ផ្លូវ ។ប៉ុន្តែ​ពេល​ចូល​ទៅ​ដល់​ទួល​កប់ខ្មោច ស្រាប់តែ​ជីករណ្តៅ​ពីលើ​ផ្នូរ​ចាស់​របស់​អ្នក​ភូមិ ក្រោយមក ក៏​ស្រាប់​តែ​មាន​ខាង​អាជ្ញាធរ មក​ដើរ​ប្រាប់​អ្នក​ភូមិ​ឱ្យ​ចូល​ផ្ទះ​កុំ​ចេញ​ឆ្វេ​ច​ឆ្វាច ព្រោះ​បន្តិចទៀត​គេ​យក​សព​កូ​វី​ដ​មក​បញ្ចុះ ។

លោកស្រី ស្រេង ទៀង អភិបាលស្រុក​ពាមរ​ក៍ បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​អី​ស្លា​ម​នេះ គាត់​មាន​ប្រវត្តិ​កើត​ជំងឺលើសឈាម ​និង​ទឹកនោមផ្អែម ហើយ​គេ​បាន​ប្រទះ​ឃើញ​គាត់​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ កាលពី​ថ្ងៃ​ទី​៣១ កក្កដាកន្លងទៅ។ ប៉ុន្តែ​ដើម្បី​ការពារ​តាម​វិធានការ​សុខាភិបាល ទើប​លោកស្រី​បាន​ទាក់ទង​ហៅ​ក្រុម​គ្រូពេទ្យ មក​យក​សំណាក​សព​ជា​មុន​សិន បើ​គាត់​អវិជ្ជមានជំងឺកូ​វី​ដ​១៩​ទើប​ប្រគល់​ឱ្យ​សាច់ញាតិ រៀបចំ​យក​ទៅ​ធ្វើបុណ្យ។

ប៉ុន្តែ​ក្រោយ​ពី​ពិនិត្យ​រួច​លទ្ធផល ​បែរជា​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ទើប​គណៈកម្មការ​ទប់ស្កាត់​ជំងឺកូ​វី​ដ​១៩​ថ្នាក់​ស្រុក ត្រូវ​ចាត់ចែង​រតាំង​សុវត្ថិភាព​ ដើម្បី​បញ្ចុះសព​ ។លោកស្រី​អភិបាលស្រុក​បាន​បញ្ជាក់​ទៀត​ថា ដោយសារ​យើង​ពុំ​មាន​ទីតាំង​ដី​ទំនេរ​អាច​បញ្ចុះសព​បាន ទើប​អាជ្ញាធរ​សម្រេចច​យក​សព​ទៅ​បញ្ចុះ​នៅ​ទីទួល ខាងក្រោយ​តំបន់​ភូមិ​ល្ហើយ​នោះ ដោយសារ​ទីតាំង​នោះ គឺជា​ដី​សាធារណៈ និង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋ​ផង។មុន​ហ្នឹង​យក​សពចេញ​ទៅ គ្រូពេទ្យ​ជំនាញ​បាន​រុំ​ខ្ចប់​យ៉ាង​ជិត​ដាក់​ក្នុង​ម្ឈូស និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​យ៉ាង​ត្រឹមត្រូវ​ផង​ដែរ ។

ប៉ុន្តែ​ដោយសារ​អ្នក​ភូមិ​មិន​យល់ ហើយ​មានការ​ភ័យ​ខ្លាច ទើប​នាំ​គ្នា​ចេញ​មក​រារាំង​បែប​នេះ ហើយ​អាជ្ញាធរ​ក៏​មិន​ប្រឆាំង​និង​ពលរដ្ឋ​ដែរ គឺ​ក្រោយ​មានការ​រារាំង​ពី​ប្រជាពលរដ្ឋ និង​មានការ​ស្នើ​សុំ​ពី​សាច់ញាតិ​នៃ​សព អាជ្ញាធរ​ក៏​អនុញ្ញាត​ឱ្យ​យក​សព​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត ឯ​ខេត្ត​ត្បូងឃ្មុំ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​វិញ​៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *