ព័ត៌មានសង្គម សន្តិសុខ

ប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងបន្ទប់ទឹកបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង

ប៉ៃលិន៖បុរសម្នាក់ត្រូវក្រុមគ្រួសារប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹក បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលសង្ស័យរអិលដួលព្រោះពាក់ព័ន្ធនឹងជំងឺ។ហេតុការណ៍នេះបានកើតឡើងនៅភូមិថ្មី សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន កាលពីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៣។មន្ត្រីនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា មានបុរសម្នាក់បានដើរចូលបន្ទប់ទឹកបណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាម។អ្នកស្លាប់ឈ្មោះ កែវ សារី អាយុ៤១ឆ្នាំជាបុគ្គលិកធនាគារ ទីលំនៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា “មុនកើតហេតុប្តីនាងបានក្រោកពីដេកដើរទៅបន្ទប់ទឹកនៅខាងក្រោយផ្ទះ។លុះជាងកន្លះម៉ោងក្រោយមកនាងបានដើរទៅបន្ទប់ទឹក ស្រាប់តែឃើញជនរងគ្រោះ ដេកផ្កាប់មុខក្បែរបន្ទប់ទឹកស្លាប់បាត់ទៅហើយ”។

ស្រី្តរូបនោះបានបន្តថា កាលពីប៉ុន្មានថ្ងៃមុនប្តីនាងមានអការៈអត់ស្រួលខ្លួនដោយចេះតែវិលមុខ រួចក៏បានទៅពិនិត្យសុខភាព។គ្រូពេទ្យបានប្រាប់ថា មានលើសឈាម និងលើសជាតិស្កបន្តិចបន្តួច។ ក្រោយកើតហេតុក្រុមសមត្ថកិច្ចចម្រុះមានគ្រូពេទ្យ-នគរបាលជំនាញក្រុងនិងខេត្តបានចុះពិនិត្យហើយបានបញ្ជាក់ថា បុរសនេះស្លាប់ដោយសារដួលដាច់សរសៃឈាមខួរក្បាល។បន្ទាប់មកក៏បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *