ព័ត៌មានសង្គម

​អ្នក​ដាក់​ប្រាក់​សន្សំ​សុំ​កិច្ច​អន្តរាគមន៍​ពី​អភិបាលខេត្ត​ករណី​មេឃុំ​និង​បក្ខពួក​មិន​សងលុយ

កំ​ពតៈ​ប្រជាពលរដ្ឋ​រាប់សិប​នាក់​តំណាងឱ្យ​សមាជិក​ដាក់​ប្រាក់​សន្សំ​ជាង​មួយរយ​គ្រួសារ​មកពី​ឃុំ​ស្រែ​ជា​ខាងជើង​ស្រុក​ដងទង់​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​អភិបាល​ខេត្តកំពត​។​ព្រោះតែ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​មេឃុំ​ស្រែ​ជា​ខាងជើង​និង​បក្ខពួក​ទាក់ទិន​ករណី​គេចវេះ​មិន​ព្រម​បង្វែ​លុយ​សង​ពួកគាត់​វិញ​។​

ស្ថិតនៅលើ​សួនច្បារ​មុខ​សាលា​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ លោ​កឌាំង គួ​ន តំណាង​ប្រជាពលរដ្ឋ​ជា​សមាជិក​ក្រុម​សន្សំ​ប្រាក់​ក្នុង​ឃុំ​ស្រែ​ជា​ខាងជើង​ស្រុក​ដងទង់​បាន​រៀបរាប់ថា​ពួកគាត់​មក​សាលាខេត្ត​កំពត​ព្រឹក​នេះ​បំណង​ចង់​ជួប​លោក​អភិបាលខេត្ត​។

​ជួយ​អ​ន្តា​គម​ន៍​ចំពោះ​លោក​មេឃុំ​ស្រែ​ជា​ខាងជើង​ព្រមទាំង​គូកន​១១​នាក់​ទៀត​ដែល​មិន​ព្រម​បង្វិលប្រាក់​សន្សំ​មក​ពួកគាត់​វិញ​។ ក្នុង​ក្រុម​សន្សំ​ប្រាក់​ទូទាំង​ឃុំ​មាន​សមាជិក​ជាង​មួយរយ​គ្រួសារ​ហើយ​ដើមទុន​ដែល​រួមគ្នា​ដាក់ចូល​រហូតដល់​រាប់ពាន់​លាន​រៀល​។​

តំណាង​ប្រជាពលរដ្ឋ​ដដែល​បាន​រៀបរាប់ថា​កាលពី​ឆ្នាំ​២០១២​មូលដ្ឋាន​ឃុំ​ស្រែ​ជា​ខាងជើង​ដែលមាន​លោក​កែវ​គឹម​ជា​មេឃុំ​លោក​ប៊ូ​ណាត​អធិការរង​ស្រុក​ដងទង់​លោក​ឯម​យ៉ា​ត​នាយក​សាលាបឋមសិក្សា​ត្រពាំង​ថ្នែ​ល​និង​អ្នកមុខអ្នកការ​មួយចំនួនទៀត​បាន​បង្កើត​ក្រុម​សន្សំ​ប្រាក់​ឡើង​។​

​ការដាក់​ប្រាក់​នោះ​គឺ​ម្ចាស់​លុយ​ទទួលបាន​ចុងការ​ពីរម៉ឺន​រៀល​ក្នុង​មួយ​លាន​សម្រាប់​រយៈពេល​មួយខែ​។​ចំណែក​ក្រុមប្រឹក្សា​សន្សំ​ទទួលបាន​ប្រាំមួយ​ពាន់​រៀល​ពី​លុយ​ដើមទុន​របស់​ប្រជាពលរដ្ឋ​មួយ​លាន​ក្នុងនាម​ឈ្មួញកណ្តាល​។​ប្រាក់​ចុងការ​ត្រូវ​ទូទាត់​នៅ​ដំណាច់ឆ្នាំ​ហើយ​ដក​ទាំង​ចុង​ទាំង​ដើម​រៀងរាល់​ថ្ងៃទី​១ ខែមករា និង​ចាប់ផ្តើម​ដាក់​សាជាថ្មី​ថ្ងៃទី​៣ ខែមករា​។

​លោ​កឌាំង​គួ​ន​បាន​បន្តថា​ដំណើរការ​មាន​ភាពល្អប្រសើរ​ប៉ុន្តែ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៧​ក្រុមប្រឹក្សា​បាន​ប្រាប់​ពី​មាន​ហានិភ័យ​ប្រាក់​សន្សំ រួច​ព្យាយាម​គេចវេះ​មិន​ព្រម​សង ថែមទាំង​បញ្ជូន​ឱ្យ​ប្តឹង​ទៀតផង​។ ផ្អែក​តាម​លក្ខខណ្ឌ​ដែល​បានបញ្ជាក់​ថាបើ​មាន​បញ្ហា​កើតឡើង​គឺ​ក្រុមប្រឹក្សា​សន្សំ​នឹង​ចេញសង​វិញ​នោះ អ្នក​ទាំង​១២​ត្រូវតែ​អនុវត្ត​មិនអាច​គេចកែ​បានទេ​។

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ថា​ករណីនេះ​សូម​លោក​អភិបាលខេត្ត​ជួយផ្តល់​យុត្តិធម៌​ផង​បើ​មិន​ដូច្នេះ​ពួកគាត់​នឹង​បន្តទៅ​ជួប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហើយ​ព្រោះ​លុយ​ទាំងនោះ​បានមកពី​ការលក់​គោក្របី​ស្រែចម្ការ​ដើម្បី​រកប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​កូន​រៀនសូត្រ​ដូច​គេឯង​។​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​លោក​កែវ​គឹម​មេឃុំ​ស្រែ​ជា​ខាង​ជើងបាន​បំភ្លឺថា​តាមពិត​ខាង​លោក​មិន​មានការ​គេចវេះ​ទេ​គឺ​គ្រប់យ៉ាង​បាននិងកំពុង​ដំណើរកា​រ​តាមផ្លូវ​ច្បាប់​ដើម្បី​រក​ចំណុច​ត្រូវរ៉ូវ​គ្នា​។

បងប្អូន​ប្រជាពលរដ្ឋ​បានដាក់​បណ្តឹង​ជា​លំដាប់លំដោយ​រហូតដល់​តុលាការ​ហើយ​ខាង​លោក​តាម​ពួកគាត់​ជានិច្ច​។​លោក​មេឃុំ​បាន​បញ្ចា​ក់ថា​ខាង​តុលាការ​បាន​ហៅ​សាកសួរ​ជា​ហូរហែ​ដែរ​តែ​មិនទាន់​ផ្គុំ​សម្តី​គ្នា​ហើយក៏​មិនទាន់​សម្រេច​ថា​តម្រូវឱ្យ​សង​ប៉ុន្មាន​និង​តាមរបៀប​ណា​ដែរ​។​ខាង​លោក​នៅ​រង់ចាំតែ​ការអនុវត្ត​ប៉ុណ្ណោះ​។​

លោក​ឯម​យ៉ា​ត​នាយក​សាលាបឋមសិក្សា​ត្រពាំង​ថ្នែ​ល​បាន​បញ្ចាក់​តាម​ទូរ​សព្ទ​ថា​ករណីនេះ​ក្រុមប្រឹក្សា​សន្សំ​ប្រាក់​កំពុង​តាម​ទារ​ពី​អ្នក​ខ្ចី​បន្ត​ព្រោះ​ខាង​លោក​ជា​ស្ពាន​ចម្លង​ប៉ុណ្ណោះ​។​កាល​ដំបូង​អ្នក​ខ្ចី​ហាក់ដូចជា​ធ្វើបាន​ល្អ​តែ​ចុងក្រោយ​ប្រើពាក្យ​ថាបើ​មិន​សង​ក៏​មិនដឹង​ធ្វើ​អ្វី​គេ​ដែរ​។​ពេលនេះ​កំពុងដំណើរការ​ប្តឹងផ្តល់ ដើម្បី​យកលុយ​ទាំង​នោះមក​សង​ម្ចាស់​ដើម​វិញ​។

​លោកនាយក​សាលា​បាន​បន្តថា​សម្រាប់​ម្ចាស់​លុយ​អ្នកខ្លះ​បាន​ដក​ដើម​គ្រប់​អស់ហើយ​នៅតែ​ប្រាក់ចំណេញ​ព្រោះ​ម្នាក់ៗ​ត្រូវ​ទទួល​ចុងការ​ច្រើន​ដោយ​អ្នកខ្លះ​មាន​រហូតដល់​ម៉ឺន​ដុល្លារ​ឯណោះ​។
​រស្មី​កម្ពុជា​មិនអាច​ទទួល​ការបញ្ជាក់​ពី​លោក​ប៊ូ​ណាត​អធិការរង​ស្រុដ​ង​ទង់​បានទេ​ព្រោះ​ពេល​ទូរស័ព្ទ​ចូល​នៅ​រសៀល​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២០​ដូចគ្នានេះ​លោក​បាន​ប្រាប់ថា​លោក​កំពុង​ជាប់​ប្រជុំ​៕ឌីណា

rsc

Leave a Reply

Your email address will not be published. Required fields are marked *