សន្តិសុខ

ជិះម៉ូតូបុករថយន្តខូចចតលើផ្លូវមិនដាក់ភ្លើងសញ្ញាពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់

កណ្តាល៖ជិះម៉ូតូពេលយប់ទៅបុករថយន្តពេញទំហឹងដែលកំពុងខូចចតលើផ្លូវមិនដាក់ភ្លើងសញ្ញាបំភ្លឺបណ្តាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែង។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើផ្លូវជាតិលេខ៥ ភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាលកាលពីរំលងអធ្រាត្រចូលថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២២ ។

មន្ត្រីនគរបាលបានឱ្យដឹងថា ក្រោយកើតហេតុកម្លាំងបានឃាត់ខ្លួនតៃកុងរថយន្តយកទៅសាកសួរ។បុរសដែលឃាត់ខ្លួននោះឈ្មោះ ពិសិដ្ឋ អាយុ២៩ឆ្នាំនៅភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកអ្នកស្លាប់ឈ្មោះ សុខ ប៊ុនធា ភេទប្រុសអាយុ២១ឆ្នាំនៅភូមិទួលអំពិល ឃុំពញាឮ ខេត្តកណ្តាល។

មន្ត្រីដដែលបានបន្តថា កាលពីម៉ោងកើតហេតុរថយន្តម៉ាក INTERNATIONAL ផ្លាកលេខ ភ្នំពេញ 3C-1597 សណ្តោងសឺម៉ីរឺម៉កផ្លាកលេខ ភ្នំពេញ 4A-2364 ។បើកមកដល់កន្លែងកើតហេតុរថយន្តបានខូចចតលើផ្លូវ។ ពេលនោះមានម៉ូតូម៉ាក HONDA DREAM C125ផ្លាកលេខ ភ្នំពេញ 1DL-0156 បុកចំពីក្រោយ បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាម។ក្រោយមកហេតុកម្លាំងនគរបាលបានយកម៉ូតូនិងរថយន្តទៅរក្សាទុកបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីបន្តនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *