Featured ព័ត៌មានសង្គម សន្តិសុខ

ត្រៀមបញ្ជូនជនសង្ស័យចាក់សម្លាប់សង្សារទៅតុលាការ

បន្ទាយមានជ័យ៖នគរបាលក្រុងប៉ោយប៉ែតរសៀលថ្ងៃទី១៦ ខែធ្នូបានចាប់ជនសង្ស័យប្រើកាំបិតចុងស្រួចចាក់សម្លាប់សង្សារព្រោះតែភ្លើងប្រចណ្ឌនិងត្រៀមបញ្ជូនទៅតុលាការ។សមត្ថកិច្ចបានឱ្យដឹងថា អំពើឃាតកម្មចាក់សម្លាប់មនុស្សនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតកាលពីយប់ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២។មន្ត្រីដដែលបានបន្តថា មុនកើតហេតុជនសង្ស័យឈ្មោះ ហុង ហ៊ាន អាយុ៣៩ឆ្នាំនៅភូមិខាងលើក្នុងស្ថានភាពស្រវឹងស្រាបានឈ្លោះប្រកែកជាមួយអ្នកជិតខាងឈ្មោះឌិញ មិថុនា ភេទស្រីអាយុ៣៨ឆ្នាំ។ពេលនោះស្ត្រីឈ្មោះ រី រឿង អាយុ២៩ឆ្នាំស្នាក់នៅជាមួយស្ត្រីឈ្មោះឌិញ មិថុនា បានស្រែកតបតទៅជនសង្ស័យហើយជនសង្ស័យបានយកកាំបិតមកចាក់ទៅលើស្ត្រីឈ្មោះ រី រឿង ចំដើមទ្រូងខាងឆ្វេង និងដាច់ចិញ្ចើមខាងស្ដាំបណ្ដាលឱ្យស្លាប់ភ្លាមតែម្ដង។ស្ត្រីបាត់បង់ជីវិតឈ្មោះ រី រឿង អាយុ២៩ឆ្នាំទីកំណើតភូមិទួលព្រំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។បន្ទាប់កើតហេតុកម្លាំងជំនាញបានចាប់ជនសង្ស័យយកទៅសាកសួរហើយបានសារភាពថា រូបគេបានផឹកស្រាស្រវឹងនិងប្រចណ្ឌសង្សាឈ្មោះ រី រឿង ដែលទៅស្រឡាញ់ស្រីដូចគ្នាជាមួយឈ្មោះឌិញ មិថុនាដោយយកកាំបិតចាក់ទៅលើនាងឱ្យស្លាប់ពិតប្រាកដមែន៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *