ព័ត៌មានអន្តរជាតិ

មន្ទីរពេទ្យធំបំផុតក្នុងតំបន់ហ្កាហ្សា លែងដំណើរការខណៈ ការវាយលុកខ្លាំង​ពីអ៊ីស្រាអែល

អន្តរជាតិ៖ប្រមុខអង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃអាទិត្យទី១២ខែវិច្ឆិកាថា មន្ទីរពេទ្យធំជាង​គេបំផុត​នៅ​ក្នុងតំបន់ហ្កាហ្សា លែងដំណើរការទៀតហើយ។ អ្នកស្លាប់ក្នុង​ចំណោម​អ្នក​ជំងឺ​កំពុង​កើន​ឡើង ខណៈការវាយលុករបស់អ៊ីស្រាអែលកំពុងបន្តដាក់គោលដៅលើក្រុមហាម៉ាស់។  យោងតាមបុគ្គលិកពេទ្យមន្ទីរពេទ្យនៅភាគខាងជើង របស់ប៉ាឡេស្ទីនត្រូវបានឡោមព័ទ្ធរួម​ទាំង​មន្ទី​រ​ពេទ្យអាល់ស៊ីហ្វា (al-Shifa )ត្រូវបានបិទដោយកងកម្លាំងអ៊ីស្រាអែល។ជាមួយនោះ​ស្ទើរ​តែ​មិន​អាច​មើល​ថែ​ទាំអ្នកដែលនៅខាងក្នុងបាន ដោយទារកទើបនឹងកើត៣នាក់បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ស៊ីហ្វា និងជាច្រើនទៀតដែលប្រឈម ហានិភ័យពីការដាច់ចរន្តអគ្គិសនី ស្រប​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំងនៅក្បែរនោះ។   អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងវាយ​ប្រហារ​ដាក់​គោល​ដៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ប៉ាឡេស្ទីន ដែលបានបើកការវាយប្រហារយ៉ាងសាហាវនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ។ពួកគេនិយាយថាក្រុមនេះមានមជ្ឈមណ្ឌលបញ្ជានៅក្រោមដី និង​នៅ​ជិត​មន្ទីរ​ពេទ្យ​នានា​។

ប្រមុខ​អង្គការសុខភាពពិភពលោក លោកថេត្រូសអាត់ថាណមហ្គេប្រ៊ីយេស៊ូស ( Tedros Adhanom Ghebreyesus) បាននិយាយថា អង្គការសុខភាពពិភពលោកអាច​និយាយ​ទៅ​កាន់​អ្នក​ជំនាញ​សុខភាពនៅមន្ទីរពេទ្យស៊ីហ្វា ដែលបានពណ៌នាអំពីស្ថានភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ ដោយ​មានការបាញ់ស្រោច និងការទម្លាក់គ្រាប់បែកបន្ថែមលើស្ថានភាពធ្ងន់ធ្ងររួចទៅហើយ។

លោក Tedros បានចូលរួមជាមួយមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិផ្សេងទៀត ដែល​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់បាញ់ជាបន្ទាន់។លោកបានបន្តថា ពិភពលោកមិនអាចនៅស្ងៀមទៀតទេ ខណៈមន្ទីរពេទ្យនានាដែល​គួរ​តែ​ជា​ជម្រក​ប្រកប​ដោយសុវត្ថិភាព ត្រូវបានក្លាយជាកន្លែងមរណៈ ការបំផ្លិចបំផ្លាញនិងភាព​ឣស់​សង្ឃឹម​៕ដោយ៖សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *