ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ឆ្នាំ២០២៣ សកម្មភាពបង្រ្កាបបទល្មើសនេសាទ ប្រមាណ២០០ករណី និងបញ្ជូនជនល្មើស១៣នាក់ទៅតុលាការ

កំពង់ឆ្នាំង៖ក្នុងឆ្នាំ២០២៣កន្លងទៅ សកម្មភាពចុះអនុវត្តការងារជំនាញ នៃមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបង្រ្កាបបទល្មើសនេសាទ ប្រមាណ២០០ករណី កម្ទេចចោលឧបករណ៍ខុសច្បាប់ជាច្រើន និងចាប់ជនល្មើសចំនួន១៣នាក់ ហើយបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឱ្យដឹងថា សកម្មភាពនៃកម្លាំងជលផលកំពង់ឆ្នាំងក្នុងឆ្នាំ២០២៣កន្លងទៅ បានសហការជាមួយកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបបទល្មើសនេសាទចំនួន១៩៧ករណី។ជាមួយនេះដែរបានបំផ្លាញចោលឧបករណ៍នេសាទចំនួន១៦៧ករណី។លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឱ្យដឹងទៀតថា ការបង្រ្កាបបទល្មើសនេសាទមានដូចជា ការប្រើប្រាស់ឧបករណ៍ស្បៃមុង-ដាក់សម្រាស់-របាំងលបដែលមានប្រវែងវែង-ឧបករណ៍ឆក់-ប្រើគ្រឿងចក្រឈូសឆាយព្រៃលិចទឹក១២ករណី។ការដឹកជញ្ជូនផលិតផលជលផល ដែលគ្មានច្បាប់អនុញ្ញាត្ត-ឧបករណ៍ជនរុញដោយកម្លាំងម៉ាស៊ីន និងបទល្មើសផ្សេងៗទៀត។ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជន ប្រព្រឹត្តបទល្មើសនេសាទចំនួន១៣នាក់ ហើយបានបញ្ជូនទៅតុលាការ។នាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ថា បទល្មើសនេសាទក្នុងឆ្នាំ២០២៣កន្លងទៅ  មានការថយចុះ បើធៀបនឹងឆ្នាំ២០២២។រីឯបទល្មើសនេសាទដែលបានថយចុះនេះ ដោយសារតែកិច្ចសហការក្នុងការបង្រ្កាប ទប់ស្កាត់បទល្មើសបានទាន់ពេលវេលា។ ពិសេសការចុះផ្សព្វផ្សាយអប់រំរបស់មន្រ្តីជំនាញ ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹង កាន់តែច្រើនអំពីច្បាប់ស្តីពីជលផល៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *