សន្តិសុខ

​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​១០​នាក់​

ភ្នំពេញ​៖​ជនសង្ស័យ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿង​ចំនួន​១០​នាក់​ត្រូវ​កម្លាំង​ឯកភាព​ខណ្ឌទួលគោក​ឃាត់ខ្លួន​បញ្ជូនទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​បន្ទាប់ពី​ចុះ​រដ្ឋបាល​នៅ​តំបន់​ស្មុកស្មាញ​មួយ​។​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើឡើង​នៅ​តំបន់​ត្រឡោកបែក​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុងភូមិ​ទី​១៦​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក​កាលពី​រសៀល​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០​។​ ​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​បានដឹងថា​ក្នុងចំណោម​ជនសង្ស័យ​ទាំង​១០​នាក់​មាន​៣​នាក់​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​និង​៧​នាក់​ទៀត​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​។​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ចូនទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ដើម្បី​បញ្ជូនបន្ត​ទៅកាន់​ទីបញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​ដើម្បី សាកសួរ​និង​ចាត់ការ​តាមច្បាប់​៕

ព័ត៌មានសង្គម សន្តិសុខ

​សមត្ថកិច្ច​ចុះ​បិទ​អាជីវកម្ម​ទីតាំង​មណ្ឌល​កម្សាន្ត​ចំនួន​៣​កន្លែង​ក្នុង​ក្រុង​សៀមរាប​

​សៀមរាប​៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្រុង​សហការ​ជាមួយ​ក្រុមការងារ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បាន​ចុះ​ផ្អាក​សកម្មភាព​ទីតាំង​មណ្ឌល​កម្សាន្ត​ទេសចរណ៍​(​ខារ៉ាអូខេ​)​ចំនួន​៣​កន្លែង​។​ដែល​ល្មើស​លួច​បើក​អាជីវកម្ម​។​ការចុះ​បិទ​អាជីវកម្ម​នេះ​បាន​ធ្វើឡើង​នៅ​ភូមិ​ស្វាយដង្គំ​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​យ​ប់​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០២០​។​ ​មន្ត្រី​ក្រុង​សៀមរាប​បានឱ្យដឹងថា​ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​និង​បាន​ផ្អាក​សកម្មភាព​ទីតាំង​មណ្ឌល​កម្សាន្ត​ទេសចរណ៍​(​ខារ៉ាអូខេ​)​ចំនួន​៣​កន្លែង​នោះ​ដែលមាន​គឺ​ទី​១/​ខារ៉ាអូខេ​ម៉ា​យ​វ៉​យ​MyVoiceKTV,​។​ទី​២/​ខារ៉ាអូខេ​ពន្លឺ​គ្រួសារ​PonleuKrousarKTV,​ទី​៣/​ខារ៉ាអូខេ​សំនៀង​គ្រួសារ Samnieng Krousar KTV​។ ​មណ្ឌល​កម្សាន្ត​ទាំង​៣​កន្លែង​នេះ​ក្រោយ​ត្រួតពិនិត្យ​ជា​លទ្ធផល​គឺ​មិនមាន​ច្បាប់​អនុញ្ញាត​អាជីវកម្ម​ហើយ​លួច​បើក​អាជីវកម្ម​ល្មើ​សនឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប ក្នុងដំណាក់កាល​នៃ​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​១៩​។​ ​ដោយមាន​គោល​ការ​ពី​ថ្នាក់ដឹកនាំ​ក្រុមការងារ​ចម្រុះ​បានធ្វើ​កំណត់ហេតុ​កិច្ចសន្យា​ណែ​នាំឱ្យ​ម្ចាស់​អាជីវកម្ម​ផ្អាក​អាជីវកម្ម​របស់ខ្លួន​ហើយ​ត្រូវដាក់​ពាក្យស្នើសុំ​ច្បាប់​អនុញ្ញាត​បាន​ត្រឹមត្រូវ​រហូតដល់​មានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ជាថ្មី ទើប​អាច​បើក​ដំណើរការ​អាជីវ​កម្មបាន​ឡើងវិញ​៕ ​

ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

បុរស​ម្នាក់​ស្លាប់​ពេលធ្វើ​ច​ត្តា​ឡី​ស័គ​ខាង​ជំនាញ​សង្ស័យ​ការស្លាប់​ដោយ​ជំងឺ​ខ្យល់គ​

​ត្បូងឃ្មុំ​៖បុរស​ជា​ជនជាតិខ្មែរ​ម្នាក់​បាន​ស្លាប់​ខណ​:​ពេលធ្វើ​ច​ត្តា​ឡី​ស័គ​បាន​ចំនួន​បី​ថ្ងៃ​នៅក្នុង​អនុវិទ្យាល័យ​ស្វាយ​ឃ្លាំង​ស្រុក​ក្រូចឆ្មារ​កាលពី​យប់​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០២០​។​ខាង​មន្ត្រី​សុខាភិបាល​បាន​សង្ស័យ​ការស្លាប់​របស់​ជនរងគ្រោះ​រូបនេះ​ដោយសារ​ជំងឺ​ខ្យល់គ​បន្ទាប់ពី​បាន​ប្រើ​ថ្នាំ​ផ្តាសាយ​។​ ​ លោក ស​ស៊ីណា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​បាន​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ២៣ កក្កដា​ថា​៖​ខាង​មន្ត្រី​មន្ទីរ​សុខាភិបាល​បាន​ជូន​ព័ត៌មាន​ថា​នៅ​ម៉ោងជាង​៧​យប់​ថ្ងៃទី​២២​កក្កដា​បុរស​ម្នាក់​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័គ​ជាមួយ​មនុស្ស​ចំនួន​១០​នាក់​ផ្សេងទៀត​បាន​ស្លាប់​ក្នុង​សាលារៀន​។​ ​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​ការស្លាប់​របស់​ជនរងគ្រោះ​រូបនេះ​ភ្លាមៗ​ខាង​មន្ត្រី​សុខាភិបាល​បានធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​និង​បាន​សន្និដ្ឋានថា​បាន​ស្លាប់​ដោយសារ​ជំងឺ​ខ្យល់គ​បន្ទាប់ពី​គាត់​(​ជនរងគ្រោះ​)​បាន​ប្រើប្រាស់​ថ្នាំ​បំបាត់​ជំងឺ​ផ្តាស​សាយ​។​ ​លោក​សី​ណា​បាន​បន្ថែមថា​ជនរងគ្រោះ​មុន​ស្លាប់​បានធ្វើ​ច​ត្តា​ឡី​ស័គ​នៅ​ទីតាំង​នោះបាន​ចំនួន​បី​ក្រោយពី​ឆ្លងដែន​តាមផ្លូវ​គោក​មក​ពី​ប្រទេស​ម៉ាឡេស៊ី ឆ្លងកាត់​ប្រទេស​ថៃ​មុន​ចូលដល់​ប្រទេស​កម្ពុជា​។ ​លោក​បាន​បន្តថា ខេត្ត​ត្បូងឃ្មុំ​មាន​ទីតាំង​ច​ត្តា​ឡី​ស័គ​គ្រប់​ស្រុក ក្រុង​ទាំង ប្រាំពីរ សរុប​ចំនួន ៧៤ កន្លែង​និង​មាន​អ្នកធ្វើ​ច​ត្តា​ឡី​ស័គ​សរុប​ចំនួន​៣.៣៣៣​នាក់​។​ក្នុងនោះ​ស្រី​ចំនួន​១.៤១៩​នាក់​។​បច្ចុប្បន្ន​មាន​អ្នក​នៅក្នុង​ច​ត្តា​ឡី​ស័គ​ចំនួន ២៧១​នាក់ មាន​ស្រី​ចំនួន ១០២ នាក់ ៕សម្បត្តិ

សន្តិសុខ

​រថយន្តបុក​ម៉ូតូ​បែកក្បាល​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​

ភ្នំពេញ​៖​យុវជន​ម្នា​ក់បាន​បែកក្បាល​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​បាន​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ត្រូវ​រថយន្តបុក​ផ្លោង​បោក​នឹង​ខឿន​ចិញ្ចើមផ្លូវ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្រោម​ស្ពាន​អាកាស​៥​មករា​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក​កាលពី​យប់​ថ្ងៃ​ពុធ​ទី​២២​ខែកក្កដា​ឆ្នាំ​២០២០​។​ ​ ជនរងគ្រោះ​ដល់​ស្លាប់​មានឈ្មោះ​ធឿន​ភេទ​ប្រុស​អាយុប្រមាណ​ជាង​២០​ឆ្នាំ​និង​អ្នករងរបួស​ដែល​ជិះ​ពីក្រោយ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​C125​ស៊េរី​ឆ្នាំ​២០១១​ពណ៌​ខ្មៅ​ពាក់​ស្លា​លេខ​ភ្នំពេញ​1CS.5421​។​ចំណែកឯ​រថយន្ត​មិន​ចាំ​ម៉ាក​នោះទេ​បាន បើក​រត់​បាត់ស្រមោល​។​ ​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការដ្ឋាន​នគ​របាល​រាជធានី​ភ្នំពេញ​រង់ចាំ​ប្រគល់ជូន​សាច់ញាតិ​វិញ​៕​

សន្តិសុខ

​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ស្លាប់​ពីរ​នាក់​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​ព្រះនេត្រព្រះ​

បន្ទាយមានជ័យ​៖​មន្ត្រីនគរបាល​២​នាក់​រួម​ដំណើរ​និង​យុវជន​ម្នាក់​ជិះ​ម៉ូតូ​MSX​បាន​ស្លាប់​និង​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​បុក​ជាមួយ​រថយន្ត​ធំ​ដឹក​អេដចាយ​នៅ​ស្រុក​ព្រះនេត្រព្រះ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦​ត្រង់​ភូមិ​រហាល​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ​កាលពី​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០២០​។ ​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ព្រះនេត្រព្រះ​បានឱ្យដឹង​នៅ​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០​ថា​៖​មុន​កើតហេតុ​មាន​ម៉ូតូ​ម៉ាក​HONDAMSX​ពណ៌​ស​ស្លាក​លេខ​បន្ទាយមានជ័យ​1Q2690​។​អ្នកបើកបរ​ឈ្មោះ​យ៉​ត​កាន់​យ៉ា​ភេទ​ប្រុស​អាយុ​២២​ឆ្នាំមាន​អ្នករួមដំណើរ​ចំនួន​២​នាក់​។​ឈ្មោះ​អួ​ង វិសាល ភេទ​ប្រុស​អាយុ ២២​ឆ្នាំ​។ ​និង​ឈ្មោះ​សឿត​ជីវិត​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​។​ ​ពេលមកដល់​ចំណុចកើតហេតុ​បាន​រ៉េ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ក៏​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ធំ​3A2367​អ្នកបើកបរ​រថយន្ត​ក្ដាប់​អត្តសញ្ញាណ​មិនបាន​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​ទើប​បណ្ដាលឱ្យ​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​កើត​ករណី​គ្រោះថ្នាក់​នេះ​៕ ​

ព័ត៌មានសង្គម សន្តិសុខ

កម្លាំងនគរបាលព្រំដែន​​ឃាត់​ពលករ​ចំនួន​១៣​នាក់​ដែលចាញ់​បោក​មេខ្យល់​

បន្ទាយមានជ័យ​៖​ពលករ​ចំនួន​១៣​នាក់​ស្រី​៦​នាក់​ក្នុងនោះ​មាន​ក្មេង​ផង​ត្រូវបាន​មេខ្យល់​បោកប្រាស់​ទៅធ្វើ​ការ​នៅ​ស្រុកថៃ​។​ប៉ុន្តែ​ត្រូវ​នគរបាល​វរ​សេនា​តូច​ព្រំដែន​គោគ​៨១៥​ឃាត់​នៅ​ព្រំដែន​ក្នុងភូមិ​ជ្រៃ​ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០២០​។​ ​លោក​វរសេនីយ៍​សួង​សៅ​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៨១៥​បានឱ្យដឹងថា​៖​ពលករ​ទាំង​ចំនួន​១៣​នាក់​/​ស្រី​៦​នាក់​។​ក្នុងនោះ​ក៏មាន​កុមារ​ផង​ពួកគាត់​មកពី​ខេត្ដ​ចំនួន​៥​គឺ​បន្ទាយមានជ័យ បាត់ដំបង​កំពង់ធំ ស្វាយរៀង កំពង់ឆ្នាំង ។ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រំដែន​ចំបក់​សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍​នរគ​របាល​រដ្ឋបាល​បឹងបេង​និង​កម្លាំង​ផ្នែក​សឹក​រង​ស្រុក​ម៉ាឡៃ​បាន​អប់រំ​ណែនាំ​ស្ដីអំពី​ការឆ្លង​រាលដាល​របស់​កូវីដ១៩។​ផលប៉ះពាល់​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់​និង​បានធ្វើ​កិច្ចសន្យា​ពួកគាត់ បញ្ឈប់​ការឆ្លង​ដែល​ខុសច្បាប់​ទៀត​។​រួច​បាន​បញ្ជូន​ពួកគាត់​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទី​១ វិទ្យាល័យ​ម៉ាឡៃ ដើម្បី​ពិនិត្យ​ដុខ​ភាព​៕

ព័ត៌មានសង្គម សន្តិសុខ

​ពង្រឹងកម្លាំង​អន្តរាគមន៍​ពិសេស​ដើម្បី​ចេញ​ដោះស្រាយ​សភាពការណ៍​ទូទៅ​

ភ្នំពេញ​៖កាលពី​ព្រឹក​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០២០​​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ត្រួតពិនិត្យ​កម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សរុប​ចំនួន​៦៥២​នាក់​។​ ដើម្បី​ពង្រឹងសមត្ថភាព​គុណភាព​ចេញ​ដោះស្រាយ​សភាពការណ៍​ទូទៅ​និង​ទទួល​បទបញ្ជា​ត្រៀម​ចេញ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ស្ថិរភាព​សង្គម​។​ក្នុងនោះ​មាន​ការទទួល​សម្លៀកបំពាក់​ឧបករណ៍​សម្ភារ​ជាច្រើន​ជា​មធ្យោបាយ​ប្រើប្រាស់​សម្រាប់​ចេញ​ប្រតិបត្តិ​ការងារ​។ យុទ្ធនា​ការចេញ​ប្រតិបត្តិ​ការបង្ការ​ទប់ស្កាត់ បង្ក្រាប​អំពើ​លួច​ឆក់​ប្លន់​និង​ការចូលរួម​បង្ការ​ទប់ស្កាត់​ជម្ងឺឆ្លង​ផ្លូវដង្ហើម​កូ​វីដ​១៩​ជាពិសេស​ទប់ស្កាត់​ចំពោះ​ក្លិប​កម្សាន្ត​និង​ខារ៉ាអូខេ​ដែល​នៅ​បើក​លួចលាក់​មិន​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល​និង​សេចក្តី​ណែ​របស់​សាលា​រាជធានី​ភ្នំពេញ​ដែលជា​ហានិភ័យ​ឆ្លង​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩​។​ ​លោក​ឧ​ត្ត​ម​សេនី យ៍​ឯក​ស​ថេត​បាន​ជំរុញ​កម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស​នៅតាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​និង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវ​ពង្រឹង​វិន័យ​នគរបាលជាតិ​ឱ្យបាន​ម៉ឺងម៉ាត់​ប្រចាំការ​នៅ​កន្លែងធ្វើការ​ឱ្យបាន​ជាប្រចាំ​ដើម្បី​ចេញ​ប្រតិបត្តិ​ការដោះស្រាយ​សភាព​ការណ៍​ទូទៅ​និង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង​។​ ​​រំលឹក​ឱ្យ​ត្រួតពិនិត្យ​ទប់ស្កាត់​ឡើងវិញ​រថយន្ត​ធុន​ធំ​ដែល​ធ្វើដំណើរ​ចូលក្នុង​រាជធានី​ភ្នំពេញ​មុន​ម៉ោង​៩​យប់​។​ជំរុញ​បន្ត​ចេញ​ដោះស្រាយ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​និង​ចុះសាកសួរ​សុខទុក្ខ​មន្ត្រី​មាន​ជំងឺ​និង​ជួប​គ្រោះថ្នាក់​ផ្សេងៗ​៕  

សន្តិសុខ

​កម្ម​ការ​នី​ម្នាក់ ត្រូវ​ឃាតករ​សម្លាប់ ទុកចោល​ជាច្រើន​ថ្ងៃ ក្នុង​បន្ទប់​ជួល​

ភ្នំពេញ ៖ កម្ម​ការ​នី​រូប​ស្រស់​ម្នាក់​ត្រូវបាន​ជនសង្ស័យ​វាយ​ផ្ទៃមុខ​និង​ច្របាច់ក​ហើយ​យក​ខ្សែភ្លើង​ឆក់​ដៃ ខាងស្ដាំ​បន្ថែម​បណ្ដាលឱ្យ​ស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល​ជាន់​ទី​៤​ហើយ​បានគេច​ខ្លួន​បាត់អស់រ​យៈ​ពេល​ជាច្រើន​ថ្ងៃ​មកហើយ​។​រួច​ចាក់សោ​បន្ទប់​ពី​ខាងក្រៅ​ដោយ​មិនមាន​អ្នកជិតខាង​ណា​ដឹង​ទេ​រហូតដល់​មាន​ក្លិន ទើប​គេ​នាំគ្នា​ដើររក​មើល​និង​ប្រទះឃើញ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣ ចុះ​ពិនិត្យ​ភ្លាមៗ​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០២០​ស្ថិតនៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះជួល ជាន់​ទី​៤ ផ្ទះ​លេខ ១២៧D​ជាប់​ផ្ទះ​លក់​ភេសជ្ជៈ​គ្រប់មុខ យីហោ ម៉ាក់ ស្រី​ពេជ្រ ម្ដុំ​លូ​ប្រាំ​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​ទី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​ ​សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣ បានឱ្យដឹងថា ស្ត្រី​រងគ្រោះ ឈ្មោះ សួង ធី អាយុ​៣៣​ឆ្នាំ មុខរបរ ជាក​ម្មការ​នី​រោងចក្រ ស្នាក់នៅ​បន្ទប់​ផ្ទះជួល កើតហេតុ និង​មាន​ស្រុកកំណើត នៅ​ភូមិ​ខ្វិត ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​ ​​បើតាម​ការត្រួតពិនិត្យ​និង​ធ្វើ​កោ​ល្យ​វិច័យ​រួចរាល់​នោះ​លោក​វេជ្ជបណ្ឌិត​នង​សុវណ្ណ​រ័ត្ន​ជា​គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ​បា​នស​ន្ឋិ​ដ្ឋា​ន​ថា​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​។​ពីព្រោះ​មាន​ស្នាម​វាយ​លើ​ផ្ទៃមុខ និង​ច្របាច់ ក ហើយ​យក​ខ្សែភ្លើង​ឆក់​ដៃ ខាងស្ដាំ​បន្ថែម បណ្ដាលឱ្យ​ស្លាប់ ។​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ស្រាវជ្រាវ និង​ទាក់ទង រក​សាច់ញាតិ​ស្ត្រី​រងគ្រោះ និង​បានធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ឱ្យទៅ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕ […]

ព័ត៌មានសង្គម សន្តិសុខ

​បង្ហាញ​ល្បិចកល​ជន​ឆបោក​មន្ត្រីរាជការ​ត្រូវ​ឡើង​មុខតំណែង​

ត្បូងឃ្មុំ​៖​ខុ​ទ្ធ​កាល័យ​សម្តេច​អគ្គ​មហា​សេប​តី​តេ​ជោ​ហ៊ុន​សែត​បានធ្វើ​សន្និសីទកាសែត​បង្ហាញ​ពី​ល្បិចកល​ឆបោក​របស់​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​។​ ក្រោយពី​ការស៊ើបអង្កេត​ជាច្រើន​ខែ​របស់​សមត្ថកិច្ច​រក​ឃើញថា​ជនសង្ស័យ​បាន​ប្រើប្រាស់​ទិញ​ស៊ីម​ទូរស័ព្ទ​អត់​មាន​អត្តសញ្ញាណ​ប័ត្រ​។​ដើម្បី​ក្លែង​ឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ស្ថាបន​នានា​ទារប្រាក់​ពី​មន្ត្រីរាជការ​ត្រូវ​ឡើង មុខតំណែង តួនាទី​ណាមួយ​នោះ​។​ សន្និសីទកាសែត​នេះ​បាន​ធ្វើឡើង​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ដោយមាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​កាលពី​រសៀល​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០២០​។​ លោក​ប៉ាន់​ខែម​ប៊ុនថន នាយករង​ខុ​ទ្ធ​កាល័យ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍ថាៈ​សំណុំរឿង​ឆបោក​នេះ​យើង​បាន​សហការ​ជាមួយ​ខាង​អគ្គស្នងការ​នគរបាល​ជាតិ​,​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​,​និង​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​។​សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត​ឈានទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​និង​ចាប់​ឃាត់​ចំនួន​ពីរ​នាក់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បញ្ជូនទៅ​តុលាកា​កាលពីដើម​ខែកក្កដា​ឆ្នាំ​២០២០​នេះ​។​ ​លោកនាយក​រង​ខុ​ទ្ធ​កាល័យ​បាន​រំលឹកថាៈ​បំបែកសំណុំរឿង​មួយ​នេះ និង​ចាប់ខ្លួន​បុរស​ឈ្មោះ សួន មុនី នៅ​ខេត្តស្វាយរៀង​ជា​មេខ្លោង និង​ម្នាក់ទៀត​ជា​ស្ត្រី​ឈ្មោះ ខុន​សុ​ម៉ាលី​នៅ​ខេត្ត​ត្បូងឃ្មំ​ជា​ជំនួយការ បាន​ចំណាយ​ពេលវេលា​ច្រើន​ខែ​។​ដោយសារ​ជនសង្ស័យ​ជា​មេខ្លោង​ម្នាក់នេះ​បាន​ប្រើប្រាស់​ស៊ីម​ទូរស័ព្ទ​ទិញ​អត់​មាន​អត្តសញ្ញាណប័ណ្ណ​។ ​គឺ​ក្រោយពី​គាត់​ឈ្មោះ​សួន​មុនី​ក្លែង​ឈ្មោះ​ដើរតួ​ជា​មន្ត្រីជាន់ខ្ពស់​ពេលខ្លះ​ជា ខុ​ទ្ធ​កាល័យ​សម្តេច​តេ​ជោ ជា​លោក ហូ សុ​ទ្ធី​,​ជា​លោក ហ៊ី ប៊ុន​ហៀ​ង​, ជា​លោក កើត វ៉ាន់ឌី …​ជាដើម​ទៅ​តេ​ទៅ​មន្ត្រីរាជការ​ដែល​គេ​រកឃើញ​ត្រូវ​ឡើង​តំណែង​តួនាទី​នោះ​។​ពិសេស​ស៊ីម​ជា​លេខ​ទូរស័ព្ទ​នេះ​គេ​ប្រើប្រាស់​តែមួយ​ថ្ងៃ បំផ្លាញចោល​បំបាត់ភស្តុតាង​តែម្តង​។​ លោក​ប៉ាន់​ខែម​ប៊ុនថន​បាន​បន្ថែមថាៈ​ដូច្នេះ​សូម​បងប្អូន​ជា​មន្ត្រីរាជការ​ទាំងអស់​ដែល​ខំប្រឹងប្រែង​ធ្វើ​ការងារ​រហូត​ទទួលបាន​លទ្ធផល​ផ្លែផ្កា​និង​មានការ​ជឿទុកចិត្ត​ពី​ថ្នាក់ដឹកនាំ​បានប្រគល់​តំណែង​ឱ្យ​នោះ​សូមកុំ​ចាញ់បោក​រូបភាព​បែបនេះ​ទៀត​។​ បើ​ករណី​មាន​អ្នក​ហៅ​ទូរស័ព្ទ​ទៅ​បង្ហាញ​ប្រាប់​ពី​ករណី​ដូច​បាន​ជម្រាប​ខាងលើ​ដើម្បី​ទារប្រាក់​ជា​ថ្នូរ​នឹង​ការឡើង​តំណែង​គឺ​សូម​ទូរស័ព្ទ​ទំនាក់ទំនង​មក​លោក​ផ្ទាល់​ឬក៏​សមត្ថកិច្ច​នៅ​ជិត​ខ្លួន​ដើម្បី​ដាក់ពាក្យ​បណ្តឹង​។​ជៀសវាង​កុំឱ្យ​ធ្លាក់​ក្នុង​ឧបាយកល​បោកប្រាស់​បែបនេះ​បន្តទៀត​៕សម្បត្តិ

សន្តិសុខ

​អាជ្ញាធរ​ថៃ​ដោះលែងពលរដ្ឋ​ខ្មែរ​ម្នាក់​ពី​ពន្ធនាគាររួច​បញ្ជូន​មក​ស្រុក​វិញ​

​ឧ​ត្ត​រ​មានជ័យ​៖​ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​ភាគី​អាជ្ញាធរ​ថៃ​បាន​បញ្ជូនមក​ស្រុក​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​។​ពិធី​ប្រគល់​នឹង​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​នេះ​បាន​ធ្វើឡើង​នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​ក្នុង​ទឹកដី​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០២០​។​ ​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​និយាយថា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​អាជ្ញាធរ​ថៃ​បញ្ជូនមក​ស្រុកកំណើត​វិញ​នោះ​គឺមាន​ឈ្មោះ​កង​តូង​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់កែង​ឃុំ​ផ្អាវ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ឈ្មោះ​កង​តូង​ត្រូវបាន​ចាប់ខ្លួន​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៨​កន្លងទៅ​ពីបទ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​។​ ​ឈ្មោះ​នេះ​ដោយ​ចូល​តាម​ច្រក​វាល​ខ្សាច់​ហើយ​ត្រូវបាន​យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​ចាប់តាំងពី​ពេលនោះ​រហូតដល់​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ទើប​ដោះលែង​ឱ្យមាន​សេរីភាព ហើយ​បញ្ជូនមក​ស្រុកកំណើត​វិញ​៕