Featured ព័ត៌មានអន្តរជាតិ

ក្រុម​មេធាវី​អាមេរិក​ប្តឹង​ចិន​ទារ​រាប់​កោដ​ដោយសារតែ​ការផ្ទុះ​ជំងឺឆ្លង​កូ​វីដ​១៩

ព័ត៌មាន​អន្តរជាតិ​៖​មេធាវី​មួយក្រុម​នៅ​អាមេរិក​បាន​ចាប់​ផ្តើ​ប្តឹង​តាងនាម​ក្រុមប្រឆាំង​រដ្ឋ​ចិន​ដើម្បី​ទាមទារ​ប្រាក់​រាប់រយ​ពាន់​លាន​ដុល្លារ​ដោយសារតែ​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩ ដោយ​ពួកគេ​ចោទប្រកាន់​ក្រុម​មេដឹកនាំ​ចិន​ថា​ធ្វេសប្រហែស​ដោយ​អនុញ្ញាតឱ្យ​ផ្ទុះ​ជំងឺ​និង​បន្ទាប់មក​ខិតខំ​បិទបាំង​។​

​បណ្តឹងតាងនាមក្រុម​ដែល​ពាក់ព័ន្ធ​បណ្តឹង​រាប់ពាន់​មកពី​៤០​ប្រទេស រួមមាន​អាមេរិក​និង​អង់គ្លេស ត្រូវបាន​ប្តឹង​នៅ​រដ្ឋ​ផ្លរីដា កាលពី​ខែ​មុន​។​បណ្តឹង​ទី​២ ដែល​ធ្វើឡើង​នៅ​ខែ​នេះ​តាងនាម​ឱ្យ​បុគ្គលិក​វេជ្ជសាស្ត្រ ដែល​ចោទប្រកាន់​ចិន​ថា លក់​ដំឡើងថ្លៃ​គ្រឿង​បរិក្ខា​វេជ្ជសាស្ត្រ​សម្រាប់​សង្គ្រោះ​ជីវិត​ក្នុងពេល​ពិភពលោក​ជួប​វិបត្តិ​សុខភាព​។​នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ដេល្លី​មេ​ល​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​ខែមេសា​ឆ្នាំ​២០២០​។​

​បណ្តឹង​ប្រឆាំង​ចិន​មួយទៀត​ក៏​ទំនងជា​ចេញពី​ក្រុម​មេធាវី​សិទ្ធិមនុស្ស​អ៊ីស្រាអែល ដែលមាន​ឯកទេស​ប្តឹង​រដ្ឋ​ពីបទ​បង្ក​ភេរវកម្ម​។​សារព័ត៌មាន​ដដែល​ក៏បាន​និយាយថា​ក្នុងពេល​ជាមួយគ្នា​មានការ​អំពាវនាវ​ឱ្យ​អង្គការសហប្រជាជាតិ​បើក​ធ្វើការ​ស៊ើបអង្កេត​មួយ អំពី​ថា​តើ​វីរុស​នេះ​ផ្ទុះឡើង​ដោយ​របៀប​ណា​នៅ​ក្រុង​វូ​ហាន​របស់​ចិន​មុន​វា​រីកសាយ​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​។

​ក្រុម​មេដឹកនាំ​ចិន​កំពុង​រង​សម្ពាធ​ឱ្យមាន​តម្លាភាព​រឿង​ដោះស្រាយ​វិបត្តិ​កូ​វីដ​១៩​។​មើលទៅ បន្ទាប់ពី​ចប់​ជំងឺឆ្លង​កូ​វីដ​១៩ ពិភពលោក​ប្រឈម​រឿង​ប្តឹងផ្តល់​គ្នា​បន្តទៀត​។​សូមបញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ស្ថិតក្រោម​សម្ពាធ​កាន់តែខ្លាំង​ឡើង​អំពី​តម្លាភាព​នៅក្នុង​ការដោះស្រាយ​ជំងឺឆ្លង​កូ​វីដ​១៩​។​រដ្ឋាភិបាល​អាមេរិក​ក៏បាន​បញ្ជា​ទៅ​ទីភ្នាក់ងារ​ស៊ើបការណ៍​របស់ខ្លួន​ឱ​ឱ្យ​ស៊ើបអង្កេត​ថា​តើ​វីរុស​នេះ​ពិត​ជាមាន​ប្រភព​ចេញពី​មន្ទីរពិសោធន៍​មួយ​នៅ​ក្រុង​វូ​ហាន​មែនឬ​អត់​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​និយាយថា ការស៊ើបអង្កេត​មួយ​កំពុង​ប្រព្រឹត្តទៅ​អំពី​ថា​តើ​វីរុស​នេះ​ផ្ទុះ​ចេញទៅ​កាន់​ពិភពលោក​ដោយ​វិធី​ណា​។​តែ​នាយក​វិទ្យាស្ថាន​វីរុស​វិទ្យា​នៅ​វូ​ហាន បាន​ច្រានចោល​ការអះអាង​កាលពី​ថ្ងៃ​សៅរ៍ ដោយ​លោក​ថា​«​វា​មិនអាច​ទៅរួច​ទេ​» ដែល​ជំងឺ​កូ​វីដ​១៩​ចេញពី​មន្ទីរពិសោធន៍​របស់លោក​។​

​ប្រធានាធិបតី​ត្រាំ​របស់​អាមេរិក​កាលពី​ថ្ងៃ​សៅរ៍​ក៏បាន​ព្រមាន​ថា​«​ចិន​នឹង​ជួប​ផលវិបាក​»​បើ​ការ​ស៊ើបអង្កេត​បង្ហាញថា ប្រទេស​នេះ​ទទួលខុសត្រូវ​ចំពោះ​ការផ្ទុះ​ជំងឺឆ្លង​កូ​វីដ​១៩​។​លោក​ត្រាំ​កាលពី​ថ្ងៃ​សៅរ៍​ក៏បាន​បង្ហាញ​ការ​មន្ទិល​សារជាថ្មី​អំពី​ចំនួន​មនុស្ស​ស្លាប់​ដោយ​វីរុស​កូ​រូ​ណា​នៅ​ចិន ដោយ​កាលពី​ថ្ងៃ​សុក្រ​លោក​ថា ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំងឺ​នេះ​នៅ​ចិន​អាច​ខ្ពស់ជាង​នៅ​អាមេរិក​៕Rasmi news

rsc

Leave a Reply

Your email address will not be published. Required fields are marked *