កីឡា

​សង្វៀន​ប៉ុស្តិ៍​លេខ​៥​បើក​ប្រកួត​ឡើងវិញ​តែ​វ៉ៃ​បិទទ្វារ​

ភ្នំពេញ​៖​បន្ទាប់ពី​បិទ​សង្វៀន មួយរយៈ​ខ្លី ដោយសារតែ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​១៩​នោះ​នៅ​ថ្ងៃទី​២​ឧសភា​ខាងមុខនេះ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ នឹង​បើក​ឱ្យមាន​ការប្រកួត​ឡើងវិញ តែ​ប្រកួត​ដោយ​មិន​អនុញ្ញាត​ឱ្យមាន​អ្នក​ចូល​ទស្សនា​ឡើយ គឺ​គ្រាន់តែ​ផ្សាយ​ផ្ទាល់ តាម​ទូរទស្សន៍ ដូច​ស្ថានីយ៍​នានា​ដែរ ។​

​សម្រាប់​ការបើក​សង្វៀន​វិញ​នេះ អ្នក​ប្រដាល់​ជើងចាស់ ២ រូប ត្រូវបាន​ដាក់ឱ្យ​ប្រកួត​គ្នា​។ ន​ន់ ជំនិត ក្លិប​ស្វាយ​រលំ​ឬ​ទ្ធិ​ជ័យ ប្រកួត​ជាមួយ ចៅ ផល​ឌឿ ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។

អតីតកាល របស់​អ្នក​ប្រដាល់ វ័យ​ចំណាស់ ទាំង ២ រូបនេះ អស្ចារ្យ​ណាស់ ។ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​កណ្ដាប់ដៃ​ធ្ងន់​រហ័ស​កម្លាំង​អស្ចារ្យ​។​មិនតែប៉ុណ្ណោះ​ស្នៀត​ជង្គង់ កែង​និង​ស្នៀត​ទាត់​របស់គេ ក៏​មិនអាច​មើលស្រាល បានដែរ​។​ន​ន់ ជំនិត និង ចៅ ផល​ឌឿ​

​ពួកគេ​មាន​វ័យ​ច្រើន​ហើយ តែ​កលល្បិច នៃ​ការប្រកួត​របស់គេ នៅតែ​ល្អ​ដដែល គ្រាន់តែ​កម្លាំង​របស់គេ មិន​ដូចដើម​តែប៉ុណ្ណោះ ។ ការដាក់​អ្នក​ប្រដាល់​ជើង​ខ្លាំង វ័យ​ចំណាស់​ឱ្យ​ប្រកួត​គ្នា​បែបនេះ ក្នុង​បំណង​ឱ្យ​អ្នក​ប្រដាល់ ស្រករ​ក្រោយ រៀន​វ៉ៃ ដោយ​ប្រើ​កលល្បិច​ឱ្យបាន​ច្រើន ជាជាង​វ៉ៃ ដោយ​ប្រើ​កម្លាំងបាយ​។ ជំនួប​រវាង​អ្នក​ប្រដាល់ វ័យ​ចំណាស់​ទាំង ២ រូបនេះ គេ​លំបាក​ស្មាន មុន​ពី​ជ័យជំនះ​ណាស់ ។​

សោម ពិសិដ្ឋ ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ច្រឹ​ក កុសល ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​មិនសូវមាន​នរណា​ស្គាល់​ក៏ពិតមែន តែ​គេ​វ៉ៃ​បានល្អ និង​មាន​កម្លាំង​គ្រប់គ្រាន់ សម្រាប់​វ៉ៃ ៥ ទឹក ។​

​កែវ សំរិទ្ធ ក្លិប​ខេត្ត​រតនគីរី ដែល​ទើបតែ​ប្រកួត​ចាញ់​ពិន្ទុ អ្នក​ប្រដាល់ អ៊ុង កំសត់ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​កន្ត្រៃ​ហោះ ធា នុ​រាជ ក្លិប​ម្កុដ​រាជសីហ៍ ។​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។

តាមពិត អ្នក​ប្រដាល់​ទាំង ២ រូបនេះ ធ្លាប់​ជួប​ប្រកួត​គ្នា កន្លងមក ដោយមាន​ឈ្នះ ចាញ់​ទៅវិញទៅមក ដោយ​គ្រាន់តែ​ភាគច្រើន ធា នុ​រាជ ជា​អ្នកឈ្នះ​តែប៉ុណ្ណោះ ។​សំរិទ្ធ ខ្លាំង​ដៃ តែ​អន់​ជើង​ក្រោម សម្រាប់ ធា នុ​រាជ ទោះបី​គេ​មាន​អំណួត ខាង​ស្នៀត​នាគ​វ័ធ​កន្ទុយ លោត​ទាត់​ផ្កាប់​ចាន ក៏ពិតមែន តែ​កែង ជង្គង់ កណ្ដាប់ដៃ របស់គេ មិនអាច​មើលរំលង​បានឡើយ​។ លើក​នេះ នរណា ជា​អ្នកខ្លាំង ពិតប្រាកដ ?​។​

​សេក គឹម​សាន្ដ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ អ្នក​ប្រដាល់ លន់ សៀកឡេង ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ក៏​សុទ្ធតែ​ខ្លាំង​ដូចគ្នា តែ​សៀកឡេង ខ្សោយ ក្នុងការ​ការពារ​បន្តិច ព្រមទាំង​ឆាប់​មាន អំណួត​ណាស់ ។ នរណា ជា​អ្នកឈ្នះ ?​សាន់ វាសនា ក្លិប​នាគរាជ​ចតុមុខ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់ ឡុង សុ​ឃា ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕​រ៉ូ​ហ្សា​

rsc

Leave a Reply

Your email address will not be published. Required fields are marked *