ព័ត៌មានសង្គម សុខាភិបាល

​កូរ៉េ​ជួយ​សហគមន៍​កម្ពុជា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩

ភ្នំពេញ​៖ អង្គការ​ឆាល​ហ្វា​ន កូរ៉េ ជា​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ ដែល​ផ្តោតលើ​បញ្ហា​កុមារ បាន​គាំទ្រ​ដល់​អាជ្ញាធរ​ក្នុងភូមិ​ចំនួន​៣៣៤​ភូមិ​នៃ​ខេត្តព្រៃវែង​ស្វាយរៀង​,​ក្រចេះ​,​និង​បាត់ដំបង​,​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩​ដោយ​សហការ​ជាមួយ​អង្គការ​ឆាល​ហ្វា​ន​កម្ពុជា​។​

​គម្រោង​នេះ​នឹង​ធានាថា​កុមារ​និង​គ្រួសារ​របស់​ពួកគេ​ចំនួន​ប្រហែល​២៧៥.០០០​នាក់​ទទួលបាន​នូវ​ចំណេះដឹង​ចាំបាច់​ក្នុងការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីត​១៩​។​វគ្គ​បណ្តុះបណ្តាល​ក៏​នឹង​រួមបញ្ចូល​ចំណេះដឹង​គន្លឹះ​ពី​ការ​ប្រៀនប្រដៅ​កូន​បែប​វិជ្ជមាន ដល់​គ្រួសារ​ក្នុង​តំបន់​គោលដៅ​ផងដែរ​។​

​លោក ប្រា​ស្សាន វើ​ម៉ា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ឆាល​ហ្វា​ន​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​នៅ ប្រទេស​កូរ៉េ​ប្រជាជន​និង​រដ្ឋាភិបាល​កូរ៉េ​ក៏​បាននិងកំពុង​សហកា​រ​គ្នា​ឆ្លើយតប​នឹង​ការរីក​រាលដាល​នៃ​ឥទ្ធិពល​ជំងឺ​កូ​វីដ​៩​ដែរ​។​បើទោះជា​ពួកគេ កំពុង​ត្រូវការ​ជំនួយ​ចាំបាច់​នៅក្នុង​ប្រទេស ក៏​អង្គការ​ឆាល​ហ្វា​ន កូរ៉េ​ជឿជាក់ថា​ជាការ​ចាំបាច់​ណាស់​ក្នុងការ​ចែករំលែក​ជំនួយ​មកកាន់​ប្រទេស​ក្រីក្រ​ក្នុង​តំបន់​។​

ជាពិសេស​សម្រាប់​កុមារ​និង​គ្រួសារ​ដែល​ក្រីក្រ​និង​ងាយ​រងគ្រោះ​។​យើង​ពិតជា​មានការ​ដឹងគុណ​យ៉ាងខ្លាំង​សម្រាប់​សមានចិត្ត​នេះហើយ​តាមរយៈ​ការបន្ត​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​នឹង​អាច​រួមគ្នា​យកឈ្នះ​នឹង​វិបត្តិ​សាកលលោក​នេះ​បាន​»​។​

​គម្រោង​ដែលមាន​ទឹកប្រាក់​ជាង​៧​ម៉ឺន​៧​ពាន់​ដុល្លារ​អាមេរិក​នេះ​នឹង​ជួយ​ដល់​ក្រុមប្រឹក្សាឃុំ​តាម​តំបន់​គោលដៅ​ក្នុងការ​ពង្រឹង​ផែនការ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ ១៩ ដោយ​អាចជួយ​សហគមន៍​កាត់បន្ថយ​ការឆ្លង​ជំងឺ តាមរយៈ​ការលាង​ដៃ​ជាមួយ​សាប៊ូ​និង​ជេ​ល​លាងដៃ​ការរក្សា​គម្លាត​សុវត្ថិភាព​។​ល​។​គន្លឹះ​ពី​ការបង្រៀន​កូន​បែប​វិជ្ជមាន ក៏​នឹងត្រូវ​ចែករំលែក​ដល់​សហគម​ន៍​តាមរយៈ ផ្ទាំង​ផ្សព្វផ្សាយ សៀវភៅ​ណែនាំ កម្មវិធី​វិទ្យុ ការជួបប្រជុំ ។​ល​។ ក្នុងអំឡុង​ខែឧសភា និង​ខែមិថុនា​។​

​លោក វើ​ម៉ា បាន​បន្ថែមទៀតថា​៖ «​សម្រាប់​អង្គការ​ឆាល​ហ្វា​ន ការការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត ១៩​ជា​វិធានការ​ចាំបាច់​បំផុត​សម្រាប់​តំបន់​ដាច់ស្រយាល​ដែល​សហគមន៍​ស្ថិតនៅ​ឆ្ងាយ​ពី​សេវា​សុខាភិបាល​។​អង្គការ​ឆាល​ហ្វា​ន​នឹង​បន្ត​ពង្រឹង​កម្មវិធី​របស់ខ្លួន​ក្នុងការ​ការពារ​ជំងឺ​រាតត្បាត​រហូតដល់​មេរោគ​កាច​សាហាវ​នេះ​រលាយ​បាត់អស់​»៕សុផល​​

rsc

Leave a Reply

Your email address will not be published. Required fields are marked *