ព័ត៌មានសង្គម សេដ្ឋកិច្ច

សួង​សាធារណការ​​ដាក់លក់លេខ​ឡាន​ពិសេស​​តម្លៃ​២​លាន​រៀល​ដល់​១​ពាន់​លាន​រៀល​

​​ភ្នំពេញៈ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពី​រសៀល​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០២០​បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​,​នៃ​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ដ​ដើម្បី​ផ្តល់​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ដែលមាន​លទ្ធភាព​អាច​ជ្រើសរើស​ស្លាក​លេខ​ដែលមាន​លក្ខណៈពិសេស​អា​ចក​ម្ម៉​ង់​តាម​ការពេញចិត្ត​។​

​ការបើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បំពេញតម្រូវការ​និង​ផ្តល់​ជម្រើស​ជូន​ប្រជាពលរដ្ឋ​ដែល​ចង់បាន​លេខ​ចុះបញ្ជី​មាន​លក្ខណៈពិសេស​ផ្ទាល់ខ្លួន​។​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​អាច​កៀរគរ​ចំណូល​បន្ថែម​ជូន​ជាតិ​និង​ដើម្បីឱ្យ​ម្ចាស់​រថយន្ត​អាច​រក្សា​លេខ​នោះ​ទុក​សម្រាប់​ចុះបញ្ជី​លើ​រថយន្ត​ថ្មី​របស់ខ្លួន​ក្រោយៗ​ទៀត​។​

ស្លាក​លេខ​រថយន្ត​ពិសេស​ដែល​អាចដាក់​ឈ្មោះ​ខ្លួនឯង​ឬ​ដាក់​តាមចិត្ត​ចង់​ព្រមទាំង​អាច​កាន់កាប់​មួយជីវិត​នោះ​មានតម្លៃ​ចន្លោះ​ពី​២​លាន​រៀល​រហូតដល់​១​ពាន់​លាន​រៀល​និង​អាច​លើសពីនេះ​តាមរយៈ​ការដេញថ្លៃ​។​

លោក​ស៊ុនចាន់ថុល​ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​គូសបញ្ជាក់ថា លេខ​ពិសេស​ផ្ទាល់ខ្លួន គឺ​សំដៅលើ​ប្រភេទ​លេខ​ចុះបញ្ជី ដែល​ផ្នែក​ខាងលើ​សរសេរ​អក្សរ​ខ្មែរ “​កម្ពុជា​” ផ្នែក​កណ្ដាល​ជា​លេខ​ចុះបញ្ជី​មាន​លេខ​ឬ​/​និង​អក្សរ​ឡាតាំង​មិន​លើសពី​៨(​ប្រាំបី​)​ខ្ទង់​និង​ផ្នែក​ខាង​ក្រោម​សរសេរ​អក្សរ​ឡាតាំង​“CAMBODIA” នៅ​ពីក្រោម​បន្ទាត់​ផ្តេក​។

​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​អាចដាក់​ឈ្មោះ​ឬ​លេខ​ដែល​ខ្លួន​ពេញ​ចិត្តបាន​លើកលែងតែ​ឈ្មោះ​ទីកន្លែង​ប្រវត្តិសាស្ត្រ ឈ្មោះ​ប្រាសាទ ឈ្មោះ​រាជធានី​-​ខេត្ត ឈ្មោះ​ក្រសួង​-​ស្ថាប័ន គណបក្សនយោបាយ ឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ជន​ល្បីឈ្មោះ ជាដើម​។

​ទន្ទឹមនឹងនោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បានស្នើ​សុំឱ្យ​ក្រសួង​ស្ថាប័ន​-​ពាក់ព័ន្ធ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ជំនាញ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដើម្បី​អនុវត្ត​ការងារ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ព្រមទាំង​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រសួង​ក្នុងការ​ស្នើសុំ​សេវាសាធារណៈ​ចាំបាច់​នានា ជាពិសេស​ចូលរួម​ជាមួយ​ក្រសួង​ក្នុងការ​អនុវត្ត​ការងារ​ផ្ទេរកម្មសិទ្ធិ​រថយន្ត​។​

​សូមបញ្ជាក់ថា​៖​តម្លៃ​មូលដ្ឋាន​ក្នុង​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​គឺ​ចាប់ពី​ពីរលាន​រៀល​ឡើង រហូតដល់​មួយ​ពាន់​លាន​រៀល​ហើយ​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​នេះ​ត្រូវបាន​បែងចែក​ជា​បី​ប្រភេទ​គឺ​ទិញ​ស្នើ​ទិញ​និង​ការដាក់​ដេញថ្លៃ​។​

លេខ​សម្រាប់​ដាក់លក់​គឺជា​លេខ​ទាំងឡាយណា​ដែលមាន​ចំនួន​តួអក្សរ​[A-Z] ឬ​លេខ​[0-9] និង​សញ្ញា​ចុច​[.]​ហើយ​ត្រូវ​បានកំណត់​តម្លៃ​ដោយ​ស្វ័យប្រវត្តិ ផ្អែកលើ​មូលដ្ឋាន​រូបមន្ត​ប្រមាណ​១២០០​រូបមន្ត​។​

​ការដេញថ្លៃ​ត្រូវធ្វើឡើង​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ប្រព្រឹត្តទៅ​នៅក្នុង​សាល​ឬ​តាម​ប្រព័ន្ធ​អន​ឡាញ​ដែលមាន​អាស័យដ្ឋាន​៖vehicle.mpwt.gov.kh​ហើយ​អ្នកដេញថ្លៃ​ដែល​ឱ្យ​ថ្លៃ​ខ្ពស់​ជាងគេ​បំផុត​ជា​ម្ចាស់​នៃ​លេខ​នោះ​។​ចំណែកឯ​ការទូទាត់​ប្រាក់​ត្រូវ​ធ្វើតាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​។​

​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​បាន​ថ្លែងថា​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ​មានតម្លៃ​ចាប់ផ្តើម​ពី​២​លាន​រៀល​ឡើងទៅ​រហូតដល់​១.០០០​លាន​រៀល​តែ​សម្រាប់​ការដេញថ្លៃ​អាច​នឹង​មានតម្លៃ​ច្រើនជាង​នេះ​។ ក្រៅពី​ការជ្រើសរើស និង​កំណត់​ឈ្មោះ​តាម​ការចង់បាន​ហើយ​នោះ​ស្លាក​លេខ​ពិសេស​នេះ អាច​រក្សាទុក​ពេញ​មួយជីវិត​ដោយ​គ្រាន់តែ​កាត់ឈ្មោះ​ចេញ​នៅពេល​លក់​រថយន្ត​ឬ​គេ​អាច​លក់​ស្លាក​លេខ​ពេល​លក់​ទាំង​រថយន្ត​ក៏បាន​។​

​ប៉ុន្តែ​បើ​លក់​រថយន្ត​ចាស់​ចេញទៅ​ហើយ​គឺ​ត្រូវយក​រថយន្ត​ថ្មី​ទៅ​កិប​លេខ​នេះ​ផងដែរ​បើ​មិន​យក​រថយន្ត​ថ្មី​ទៅ​កិប​លេខ​ក្នុង​រយៈពេល​៣​ខែ​ស្លាក​លេខ​រថយន្ត​នឹង​ធ្លាក់​ចូលទៅក្នុង​ប្រព័ន្ធ​ដាក់លក់​វិញ​ហើយ​។​

បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ស្លាក​លេខ​ពិសេស​នេះ​មិន​អនុញ្ញាតឱ្យ​ដាក់ពាក្យ​ពេជ្រ​មួយចំនួន​ដូចជា​ពាក្យ​អាសអាភាសន៍​ឈ្មោះ​ប្រាសាទ​ឈ្មោះ​ថ្នាក់ដឹកនាំ​និង​ស្ថាប័ន​ធំៗ​ដែល​គេ​ស្គាល់​ច្រើន​ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​បាន​នោះទេ​។​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​រថយន្ត​មាន​ស្លាក​លេខ​ធម្មតា​ហើយ អាច​ប្តូរ​ទៅប្រើ​ស្លាក​លេខ​ពិសេស​នេះ​បាន​ផងដែរ ប្រសិនបើ​ពួកគេ​ចង់​ប្តូរ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ​បាន​អះអាងថា​ការរៀបចំ​ឱ្យមាន​ស្លាក​លេខ​រថយន្ត​ពិសេស ដើម្បី​ចូលរួម​ស្វែងរក​ចំណូល​ពី​ការលក់​ផ្លាកលេខ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ចជាតិ​និង​ពង្រឹង​ដល់​ការគ្រប់គ្រង​យានយន្ត​នៅ​កម្ពុជា​ផងដែរ​៕​សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *