ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

សៀមរាប​បានដាំ​ដើមឈើ​ឡើងវិញ​លើ​ទីតាំង​ធ្លា​ប់រង​ការកាប់​បំផ្លាញ​

សៀមរាប​៖មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​បានរៀបចំ​ដាំ​ដើមឈើ​ឡើងវិញ​លើ​ទីតាំង​ធ្លា​ប់រង​ការកាប់​ទន្ទ្រាន​និង​ដុតបំផ្លាញ​ទាំងស្រុង​ក្នុងឱកាស​បុណ្យ​រុក្ខទិវា​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​។​ក្រោម​ប្រធានបទ ស្តារ​គម្រប​បៃតង​ឡើងវិញ ។​

បុណ្យ​រុក្ខទិវា​ឆ្នាំ​២០២០​នេះ គឺមាន​ការចូលរួម​ពី​លោក ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំងថ្ម​ឃុំ​ឃុន​រាម​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

លោក​ទា​គឹ​មសុ​ទ្ឋ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប​បានបង្ហាញ​ថា​នៅ​ឆ្នាំ​២០១៩​ស្ថានីយ​ស្តារ​និង​អភិវឌ្ឍ​ព្រៃឈើ​នេះ​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​ដោយសារ​ជនខិលខូច​។​ដូច្នេះ​នៅ​ឆ្នាំ​២០២០​នេះ​មន្ទីរ​បានរៀបចំ​ផ្ទៃដី​ចំនួន​២៥​ហិកតា​ចែកចេញជា​ឡូ​តិ៍​នីមួយៗ​មាន​ផ្ទៃដី​មួយ​ហិកតា​សម្រាប់​ដាំ​ឈើ​ចំនួន​៦២៥​ដើម​។

​ក្នុងនោះ​មានកូន​ឈើ​ចម្រុះ​៨​ប្រភេទ​ដូច​កកោះ​បេង​ធ្នុង​ក្រញូង​ឈើទាល​គគីរ​ផ្តៀក​និង​រំដួល​ដែល​សុ​ទ្ឋ​តែ​ជា​ប្រភេទ​ឈើ​ប្រណីត​និង​មានតម្លៃ​ដើម្បី​បម្រើឱ្យ​សេចក្តីត្រូវការ​ខាង​សេដ្ឋកិច្ច​បរិស្ថាន​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ទេសចរ​លម្ហែ​កម្សាន្ត ។​

​លោក ណៅ​ធួ​ក​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​បង្ហាញថា​៖​ការដាំ​កូនឈើ ក្រោម​ប្រធានបទ​“​ស្តារ​គម្រប​បៃតង​ឡើងវិញ​”​នាពេលនេះ​នឹង​រួមចំណែក​ក្នុងការ​បង្កើន​គម្រប​បៃតង​ឡើងវិញ​ក្នុង​ទិស​ស្លោក​“​ដំណើរការ​-​ព្រៃឈើ​គឺជា​ជីវិត​”​។

​ក្នុងន័យ​ជួយ​ថែ​ប្រព័ន្ធ​អេកូឡូស៊ី​តាមរយៈ​ការថែរក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ​ធ្វើឱ្យ​អាកាសធាតុ​មាន​ភាពល្អ​បរិសុទ្ធ​និយ័តភាព​ប្រភពទឹក​ការពារ​ទី​ជម្រាល​និង​ការពារ​ជីវចម្រុះ​ជាដើម​។​លើសពីនេះ​ទិវា​នេះ​ក៏​ជា​ចលនា​អប់រំ​និង​បំផុសស្មារតី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ បាន​យល់ដឹង​ពី​សារប្រយោជន៍​នៃ​ព្រៃឈើ​ផងដែរ​។​

​លោក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប សូម​បញ្ឈប់​ជាបន្ទាន់ នូវ​ការកាប់ និង​ដុតបំផ្លាញ​ដីព្រៃ ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​ព្រោះ​ទង្វើ​ទាំងនេះ​ជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​មិនអាច​អត់ឱន​ឱ្យបាន​ជាពិសេស​វា​បង្ក​គ្រោះមហន្តរាយ​ដល់​បរិស្ថាន​ធម្មជាតិ​ជីវិត​មនុស្ស​សត្វ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ប្រសិនបើ​គ្មាន​ការទប់ស្កាត់ ការពារ​ទេនោះ​។​

​លោក បញ្ជាក់ទៀតថា​៖ បុណ្យ​រុក្ខទិវា​នេះ គឺជា​ការ​ដង្ហែ​តាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ​ព្រះ​បរម​រតន​កោដ្ឋ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ដល់​បញ្ហា ព្រៃឈើ និង​ការដាំ​ដើមឈើ​ជា​អាទិភាព​ចំបង​។​

​លើសពីនេះ​ទៀត​បុណ្យ​រុក្ខទិវា​គឺ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់​រាជរដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​ការអភិរក្ស​ធនធាន​ព្រៃឈើ​គឺជា​គោលដៅ​អាទិភាព​ខ្ពស់​និង​ចក្ខុវិស័យ​វែងឆ្ងាយ ប្រកបដោយ​និរន្តរភាព​ដើម្បី​អភិរក្ស​។​

គ្រប់គ្រង​ធនធានធម្មជាតិ​ជីវចំរុះ​និង​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយ​ប្រសិទ្ធភាព។ ដែល​ទាំងអស់នេះ ពិតជា​បានរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ឱ្យបាន​ប្រសើរ​ឡើងជា​បន្តបន្ទាប់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *