ព្រះវិហារៈលោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានបញ្ជាក់ពីលទ្ធផលសហគមនិងក្រុមហ៊ុនប្រមូលទិញស្រូវដោយបានបង្ហាញពីរបាយការណ៍ដែលបានអនុវត្តកន្លងមក។
លោកពឹងទ្រីដាបានឱ្យដឹងថាក្នុងឆ្នាំ២០១៩នេះនៅទូទាំងខេត្តព្រះវិហារមានសហគមន៍កសិកម្មចំនួន៣៤សហគមន៏បានចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គបរិមាណសរុប២២.៤៦១តោនដែលមានសមាជិកផលិតសរុបចំនួន៥.៣៤១គ្រួសារលើផ្ទៃដីសរុប១៤.៧៦៩ហិកតាសម្រាប់លក់ឱ្យក្រុមហ៊ុនចំនួន៣គឺ៖ក្រុមហ៊ុនអេមរ៉ុរ៉ាយ(AMRURice)ក្រុមហ៊ុនស៊ិកនេតឈ័រអហ្វអេស៊ា(SignaturesofAsia)និងក្រុមហ៊ុនហ្គោលដិនរ៉ាយ(Golden Rice)។
គិតមកត្រឹម៨ខែ១២ឆ្នាំ២០១៩លទ្ឋផលប្រមូលទិញរបស់ក្រុមហ៊ុនទាំង៣មានដូចខាងក្រោម៖១-ក្រុមហ៊ុន Golden Rice ប្រមូលទិញបានបរិមាណ៣.១២៩តោន គ្រប់តាមផែនការ ១០០ភាគរយ។២-ក្រុមហ៊ុនAmruRiceប្រមូលទិញបានបរិមាណ១២.៨៤១តោនបានប្រមាណជាង៧៥ភាគរយធៀបផែនការកិច្ចសន្យា បច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តសម្រុកដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន។
៣,ក្រុមហ៊ុនSignatureofAsiaប្រមូលទិញបានបរិមាណ១.០០០តោនបានប្រមាណជាង៧០ភាគរយធៀបផែនការកិច្ចសន្យាបច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តសម្រុកដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន។តម្លៃស្រូវកសិករទទួលបានដល់ដៃជាទូទៅមាន៖១.ប្រភេទស្រូវក្រអូបផ្ការំដួល(សើម)បាន១.២៦០រៀលក្នុងមួយគីឡូក្រាម-១.៣២០រៀលក្នុងមួយគីឡូក្រាម(យោងទៅតាមគុណភាពស្រូវ)។២.ប្រភេទស្រូវក្រអូបផ្ការំដួល(ស្ងូត)បាន១.៥០០រៀលក្នុងមួយគីឡូក្រាម-១.៥៩០រៀលក្នុងមួយគីឡូក្រាម(យោងទៅតាមគុណភាពស្រូវ) ។
៣.ប្រភេទស្រូវសរពូជក្នុងស្រុក(ស្ងូត)មានដូចជានាងអុកនាងអ៊ំនាងកែវស្រូវត្នោត….ទទួលបានតម្លៃ១.១៤០រៀលក្នុងមួយគីឡូក្រាម-១.១៨០រៀលក្នុងមួយគីឡូក្រាម(យោងទៅតាមគុណភាពស្រូវ)។បញ្ជាក់៖កសិករដែលបានចុះកិច្ចសន្យាលក់ស្រូវជូនក្រុមហ៊ុនទទួលបានតម្លៃខ្ពស់ជាងពី២០០រៀល-២៥០រៀលក្នុងមួយគីឡូក្រាមបើធៀបទៅនឹងកសិករលក់តាមរយៈឈ្នួញកណ្តាល៕សៅវ៉ាន់ឌី