ព័ត៌មានសង្គម

​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ចុះ​ផ្សព្វផ្សាយ​សុំឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ជំងឺ​រលាក​សួត​ថ្មី

ព្រះវិហារ​៖​អាជ្ញាធរ​និង​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​កាលពី​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២០​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​និង​អាជីវករ​លក់ដូរ​នៅ​ច្រក​អានសេះ​។​ក្រុមការងារ​សុំឱ្យ​ពួកគាត់​បាន​យល់​ជ្រួតជ្រាប​អី​ជំងឺ​រលាក​សួត​ថ្មី​”​កូ​រ៉ូ​ណាវី​រុស​”​ដើម្បី​ជា​ចំណេះដឹង​មួយ​សម្រាប់​ឱ្យ​ពួកគាត់​មាន​វិធានការ​ការពារ​នឹង​ជំងឺ​នេះ​។​

​មន្ត្រី​មន្ទីរ​សុខាភិបាល​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០២០​នេះ​ថា​យុទ្ធនា​ការចុះ​អប់រំ​ផ្សព្វផ្សាយ​និង​ចែក​ម៉ាស់​ការពារ​ជំងឺ​”​កូ​រ៉ូ​ណាវី​រុស​”​នេះ​ធ្វើឡើង​ក្រោម​បទបញ្ជា​របស់លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​។​យុទ្ធនាការ​នេះ​សំដៅ​ទៅលើ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ដូចជា​ព្រំដែន​ច្រក​អានសេះ​ក្នុងស្រុក​ជាំ​ក្សាន្ត​និង​ព្រំដែន​ឡាវ​ស្រុក​ឆែប​។​

​មន្ត្រី​ដដែល​បាន​បន្តថា​ការចុះ​អប់រំ​ផ្សព្វផ្សាយ​នៅក្នុង​ឱកាស​នោះ​ផ្តោត​សំខាន់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវ​ចេះ​ថែរក្សា​សុខភាព​អនាម័យ​ក្នុងការ​រស់នៅ​ឱ្យបាន​ល្អ​។​ត្រូវមាន​ការប្រុងប្រយ័ត្ន​ពាក់​ម៉ាស់​ជាប់​ជានិច្ច​រាល់ពេល​ឆ្លងដែន​ក៏ដូចជា​នៅតាម​ទីប្រជុំជន​ផ្សេងៗ​ផងដែរ​។​នៅក្នុង​ឱកាស​នោះដែរ​ម៉ាស់​ជិត​១.០០០​ម៉ាស់​ត្រូវបាន​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​បងប្អូន​អាជីវករ​ផងដែរ​៕ប៊ុនរ៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *