Featured ព័ត៌មានអន្តរជាតិ

តាលីបង់ ប្រកាសឱ្យបុគ្គលិកសុខាភិបាលជាស្ត្រីវិលត្រឡប់មកធ្វើការវិញ

អន្តរជាតិ៖(Reuters)ក្រុមតាលីបង់កាលពីថ្ងៃសុក្រទី២៧ខែសីហាឆ្នាំ២០២១បានចេញសេចក្តីប្រកាសលួងលោមឱ្យបុគ្គលិកសុខាភិបាលជាស្ត្រីនៅអាហ្វហ្គានីស្ថាន វិលត្រឡប់មកធ្វើការវិញ ។

អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បានសរសេរលើបណ្ដាញ Twitter ថា “ក្រសួងសុខាភិបាលសាធារណៈនៃរដ្ឋអីស្លាម ឈ្មោះតាលីបង់សម្រាប់ប្រទេសអាហ្វហ្គានីស្ថានជូនដំណឹងដល់បុគ្គលិកស្ត្រីថា ពួកគេគួរតែត្រឡប់មកបំពេញភារកិច្ចរបស់ខ្លួនជាប្រចាំនៅតាមមជ្ឈមណ្ឌល និងខេត្តឡើងវិញ រដ្ឋអីស្លាមមួយនេះនឹងមិនបង្កឧបសគ្គដល់ការងាររបស់ពួកគេឡើយ” ។

នៅថ្ងៃទី ១៥ ខែសីហា ក្រុមតាលីបង់បានបញ្ចប់ការកាន់កាប់របស់អាហ្វហ្គានីស្ថាន ដោយវាយលុកចូលដល់ទីក្រុងកាប៊ុល ហើយធ្វើឱ្យសិទ្ធិស្ត្រីស្ថិតក្រោមក្រុមតាលីបង់នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភ ។ទន្ទឹមនោះដែរ កាលពីដើមខែសីហា ចលនានេះបាននិយាយថា ស្ត្រីនឹងត្រូវបានអនុញ្ញាតឱ្យសិក្សា និងធ្វើការក៏ដូចជាចូលរួមក្នុងសកម្មភាពរបស់រដ្ឋាភិបាល ។ កាលពីថ្ងៃអង្គារតាលីបង់បាននិយាយថា មន្រ្តីរដ្ឋជាស្ត្រីនឹងអាចបន្តការងាររបស់ពួកគេឡើងវិញ បន្ទាប់ពីច្បាប់ចាំបាច់ត្រូវបានអនុវត្ត ។

ទោះយ៉ាងណា យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ និងប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ចលនានេះបានហាមឃាត់ស្ត្រីនៅផ្នែកខ្លះនៃប្រទេសអាហ្វហ្គានីស្ថាន មិនឱ្យធ្វើការ ឬចាកចេញពីផ្ទះរបស់ពួកគេដោយគ្មានសាច់ញាតិជាបុរសឡើយ ៕ដោយ៖Dern rang

rsc

Leave a Reply

Your email address will not be published. Required fields are marked *