ព័ត៌មានសង្គម ព័ត៌មានអន្តរជាតិ សេដ្ឋកិច្ច

រកឃើញទំនិញខូចគុណភាព និងផ្ទុកនូវសារធាតុគីមីជាង១៤៤គីឡូក្រាម ត្រូវដកហូត

 

ភ្នំពេញ​៖មន្រ្តីជំនាញ ក.ប.ប. ​បានរកឃើញទំនិញខូចគុណភាព និងផ្ទុកនូវសារធាតុគីមីហាមឃាត់ចំនួន១៤៤,៨៣គីឡូក្រាមត្រូវបានសមត្ថកិច្ចដកហូត យកទៅកម្ទេចចោល។

មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.បនៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងនៅថ្ងៃ​ទី១៦​ ខែមករា​នេះថា​ កម្លាំងជំនាញផ្នែកម្ហូបអាហារនៃអគ្គនាយកដ្ឋាន ក.ប.ប.ប្រចាំតាមសាខា​ រាជធានី-ខេត្ត​ បានចុះត្រួតពិនិត្យទំនិញកំពុងនឹងចរាចរលក់នៅលើទីផ្សារ។ក្នុងនោះមានទំនិញខ្លះត្រូវបានធុរជនខិលខូចមួយចំនួនបានបន្លំ ដោយលក់នូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ការដាក់នៅសារធាតុគីមីហាមឃាត់ គ្មានអនាម័យត្រឹមត្រូវ កេងចំណេញគ្រប់បែបយ៉ាងពីអ្នកប្រើប្រាស់ និងប៉ះពាល់សុខភាពធ្ងន់ធ្ងរ។មន្ត្រីដដែលបានបន្តថា ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ដើម្បីបន្តនូវការការពារសុខុមាលភាពប្រជាពលរដ្ឋ កម្លាំងជំនាញបានត្រួតពិនិត្យលើ មុខទំនិញប្រមាណជាង១០០មុខ ជាម្ហូបអាហារបម្រើឱ្យជីវភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ព្រមទាំងផ្សព្វផ្សាយអប់រំផងដែរ។ក្នុងប្រតិបត្តិការនោះ​ទំនិញខូចគុណភាព និងផ្ទុកនូវសារធាតុគីមីហាមឃាត់ចំនួន ១៤៤,៨៣គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. ដកហូតក្រោយរកឃើញថា​ មានហានិភ័យនិងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ។ លទ្ធផលនៃការរកឃើញខាងលើគឺធ្វើឡើង ក្នុងខេត្តបន្ទាយមានជ័យ-បាត់ដំបង-កណ្ដាល-កោះកុង-តាកែវ និងខេត្តស្វាយរៀង កាលពីថ្ងៃទី១២-១៥ខែមករានេះ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *