ព័ត៌មានសង្គម

ឆ្នាំ២០២០កក្រសួងបង្កើត​ក្រុមការងារ​ពិសេស​ចុះ​លួច​ឆ្មក់​មើលការធ្វើ​ផ្លូវ​​

ភ្នំពេញ​៖​ដោយសារតែ​ផ្លូវ​មួយចំនួនធំ​ឆាប់​ខូច​ពី​ព្រោះតែ​គ្មាន​គុណភាព​និង​ស្របពេល​មហាជន​នៅតែ​រិះគន់​ទៅលើ​បញ្ហា​ធ្វើ​ផ្លូវ​ឆាប់​ខូច​ដោយសារ​មន្ត្រី​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​កេងចំណេញ​ថវិកា​នោះ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានប្រកាស​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​បញ្ចប់​បញ្ហា​ផ្លូវ​គ្មាន​គុណភាព និង​ការដឹក​ទំនិញ​លើស​ទម្ងន់​ចាប់ពី​ឆ្នាំ​២០២០​នេះ​តទៅ​។

​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០​របស់ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០​នៅ​ទីស្តីការក្រសួង​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានបញ្ជាក់​ថា​ក្រសួង​នឹង​បង្កើត​ក្រុមការងារ​ពិសេស​ដើម្បី​ចុះ​លួច​ឆ្មក់​ពិនិត្យ​លើ​ការធ្វើ​ផ្លូវ​ស្ពាន​នានា​ដែល​មាននៅ​ទូទាំងប្រទេស​ដោយ​មិនឱ្យ​ក្រុម​អភិវឌ្ឍន៍​នោះ​ដឹង​មុន​នោះឡើយ​។ ជាមួយគ្នានេះ ក៏​រៀបចំ​ឱ្យមាន ប្រព័ន្ធ តាមដាន​ព័ត៌មាន និង​ដាក់​កាំ​មេ​រ៉ា សុវត្ថិភាព បង្កប់ ដើម្បី​ពិនិត្យមើល​សកម្មភាព​នៅ ស្ថានីយ​ជញ្ជីង ថ្លឹង​រថយន្ត​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា​៖​ជំងឺ​រ៉ាំរ៉ៃ​ដែល​ធ្វើឱ្យ​ខូច​ផ្លូវ​នៅ​កម្ពុជា​គឺ​បញ្ហា​ធ្វើ​ផ្លូវ​គ្មាន​គុណភាព និង​ការដឹក​ទំនិញ​លើស​ទម្ងន់​កំណត់​។​ដែល​កត្តា​ទាំងពីរ​នេះ​ត្រូវតែ​បញ្ចប់​ចាប់ពី​ឆ្នាំ​២០២០​នេះ​ដើម្បី​កុំឱ្យ​មហាជន​រិះគន់ថា​«​ចាក់​ក្រាស់​ស៊ី​ស្តើង​ចាក់​ស្តើង​ស៊ី​ក្រាស់​»​ឬ​ធ្វើ​ផ្លូវ​មិនបាន​រឹងមាំ​ធ្វើ​មុខខូច​ក្រោយ​តទៅទៀត ដែល​ធ្វើឱ្យ​ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល ខូច កេរ្តិ៍ឈ្មោះ​។​

​ជាមួយគ្នានេះ​លោក​ក៏បាន ក្រើនរំឭក​ដល់​ថ្នាក់ដឹកនាំ ផ្នែក​ជំនាញ និង​ភាគី ពាក់ព័ន្ធ ប្តូរ របៀប ធ្វើការ និង​ប្តូរ​របៀប​តាមដាន​លើ​ការអនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ស្ពាន​ក៏ដូចជា​មន្ត្រី​បម្រើ​ការងារ​នៅតាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឱ្យបាន​ជាប់​ជាប្រចាំ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​៕​សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *