សន្តិសុខ

ជនរងគ្រោះ​អះអាងថា​៖​មាន​ប៉ូលិស​ខេត្តព្រៃវែង​ម្នាក់​ចាប់​ពួកគាត់​ធ្វើ​ទារុណកម្ម​រួច​ជំរិត​យកលុយ​៤​លាន​រៀល​

​ព្រៃវែង​៖​ពលរដ្ឋ​ជា​ជនរងគ្រោះ​បាន​អះអាងថា​៖​មាន​មន្ត្រីប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿង​ខេត្តព្រៃវែង​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​វាយ​រហូត​មាន​របួសស្នាម​និង​គំរាម​បាញ់សម្លាប់​រួច​ចាប់​ពួកគាត់​យកទៅ​វាយដំ​ធ្វើ​ទារុណកម្ម​និង​ជំរិត​យកលុយ​៤​លាន​រៀល​នៅឯ​ការិយាល័យ​របស់ខ្លួន​ជា​ថ្នូរ​និង​ការដោះលែង​វិញ​។​

​ប្រភព​ដដែល​បាន​បន្តថា​ជនរងគ្រោះ​ក្នុង​អំពើហិង្សា​នេះ​មាន​២​នាក់​ទី​១​ឈ្មោះ​ថៃ​សា​មាឌ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​។​២​ឈ្មោះ​ហឿន​រ័ត្ន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​អ្នក​ទាំង​២​នៅ​ភូមិ​ស្វាយ​សុ​ខោ​សង្កាត់​ជើង​ទឹក​ក្រុង​ព្រៃវែង​ខេត្តព្រៃវែង​។​ក្នុងនោះ​ម្នាក់​បាន​របួស​ហើម​ក្បាល​ជាំភ្នែក​ខៀវ​ហើម​ខ្លួន​និង​ដៃជើង​រងរបួស​ធ្ងន់​កំពុង​ព្យាបាល​ព្យួ​សេរ៉ូម​រៀងៗ​ខ្លួន​។​ជនដៃដល់​ត្រូវបាន​គេ​ស្គាល់​ថា​៖​អនុ​សេនីយ៍​ឯង​ទូច​ធារ៉ា​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តព្រៃវែង​។

​ប្រភព​បាន​បន្តថា​មុន​កើតហេតុ​កាលពី​យប់​ថ្ងៃទី​២០​ខែកក្កដា​២០២០​នៅ​ចំណុច​មុខ​វត្ត​រោងដំរី​ភូមិ​ប្រាំមួយ​សង្កាត់​កំពង់លាវ​ក្រុង​/​ខេត្តព្រៃវែង​ជនរងគ្រោះ​២​នាក់​បាន​អះអាងថា​នៅ​ល្ងាច​ថ្ងៃកើតហេតុ​ឈ្មោះ​ទូច​ធារ៉ា​បាន​ទូរស័ព្ទ​ឱ្យ​ពួកខ្លួន​មក​សូមទោស​គេ​។​ដោយ​ថាៈ​”​អញ​មិនបាន​និយាយ​បរិហារកេរ្តិ៍​អ្ហែង​ថា​ពួក​ហ្អែ​ង​ប្រើប្រាស់​គ្រឿងញៀន​ទេ​”​។​
​ខណៈនោះ​ជនរងគ្រោះ​មិនបាន​ទៅ​សូមទោស​ឈ្មោះ​ទូច​ធារ៉ា​តាម​ការហៅ​ទេ​ធ្វើឱ្យ​ឈ្មោះ​ទូច​ធារ៉ា​គំរាមថា​៖”​បើ​អ្ហែង​មិន​មក​សូមទោស​អញ​ទេ​អញ​នឹង​ទៅ​ចាប់​ពួក​អ្ហែង​មិន​ខាន​”​។​ជនរងគ្រោះ​ឆ្លើយថា​៖”​បើ​ចង់​ចាប់​អញ​ខ្លាំងណាស់​ហែ្អ​ង​មក​ចាប់​អញ​មក​អញ​នៅ​ហាង​ច័ន្ទ​គី​រី​”​។​ពេលនោះ​ជនដៃដល់​មិនបាន​ទៅតាម​ចាប់​ជនរងគ្រោះ​នៅ​ហាង​ទេ​។​លុះដល់​វេលា​កើតហេតុ​ជនរងគ្រោះ​បាន​ជិៈ​ម៉ូតូ​ចេញពី​ហាង​បំណង​មក​ផ្ទះ​។​
​តែ​ដល់​ចំណុចកើតហេតុ​មុខ​ខ្លោងទ្វារវត្ត​រោងដំរី​ភូមិ​៦​ស្រាប់តែ​លេចមុខ​ជនដៃដល់​ឈ្មោះ​ទូច​ធារ៉ា​បាន​ជិៈ​ម៉ូតូ​តាម​ពីក្រោយ​ហើយ​មក​ធាក់​ម៉ូតូ​រងគ្រោះ​បណ្ដាលឱ្យ​ដួល​នៅ​កន្លែង​។​ភ្លាមនោះ​ឈ្មោះ​ទូច​ធារ៉ា​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ វាយ​ក្បាល​ឈ្មោះ​ហឿន​រ័ត្ន​មួយ​ស្នាប់​កាំភ្លើង​បណ្ដាលឱ្យ​របួសធ្ងន់​។​

​ទន្ទឹម​នោះ​ឈ្មោះ​ថៃ​សា​មាឌ​បាន​ចូល​ជួយ​ឃាត់​ថា​៖”​កុំ​វ៉ៃ​កុំ​ធ្វើ​អញ្ចឹង​យើង​សុទ្ធតែ​បងប្អូន​គ្នា​ទេ​”​ជាហេតុ​នាំឱ្យ​ទាស់សម្ដី​ឈ្មោះ​ទូច​ធារ៉ា​ក៏បាន​ខឹងសម្បារ​មកលើ​ឈ្មោះ​ថៃ​សា​មាឌ​ថែមទៀត​។​ដោយ​អា​ម៉េ​កាំភ្លើង​នៅ​និង​ដៃ​រួច​សំឡុត​ថា​៖”​ហែ្អ​ង​នៅ​ឱ្យ​ស្ងៀម​”​។​ឈ្មោះ​ថៃ​សា​មាឌ​បន្តថា​៖”​បើ​ហែ្អ​ង​ប្រើ​អាវុធ​វ៉ៃ​គេឯង​តាមចិត្ត​បែបនេះ​អញ​និង​ថត​វីដេអូ​ទុកជា​ភស្តុតាង​”​។​

​ប្រភព​បាន​បន្តថា​៖​ជនដៃដល់​ឈ្មោះ​ទូច​ធារ៉ា​ក៏បាន​ទូរស័ព្ទ​ហៅ​មន្ត្រី​មគ​របាល​គ្រឿងញៀន​និង​បក្ខពួក​៤​នាក់​ទៀត​ឱ្យមក​ព្រួត​គ្នា​វ៉ៃ​ជនរងគ្រោះ​ទាំង​២​នាក់​រហូត​របួសធ្ងន់​។​ក្រោយ​វ៉ៃ​អស់ចិត្ត​ហើយ​នោះ​ឈ្មោះ​ទូច​ធារ៉ា​បាន​បញ្ជា​ឱ្យ​បក្ខពួក​ខ្លួន​ក្រៀក​ជនរងគ្រោះ​យកទៅ​ការិយាល័យ​គ្រឿងញៀន​ខេត្ត​។​ពេលនោះ​ជនរងគ្រោះ​ទាំងពីរ​នាក់​បាន​បដិសេធ​មិន​ព្រមទៅ​ឡើយ​ដោយ​ថា​៖​ពួកខ្លួន​គ្មាន​ទោសកំហុស​អ្វី​ទេ​។​

​ជនរងគ្រោះ​បញ្ជាក់ថា​៖​ពេល​ចាប់​ពួកខ្លួន​មកដល់​ការិយាល័យ​ហើយ​ក្រុម​សមត្ថកិច្ច​បានធ្វើ​ទារុណកម្ម​វ៉ៃតប់​ទាត់​ធាក់​និង​ឆក់​ពួកគេ​តាមតែ​អំពើ​ចិត្ត​។​បណ្ដាលឱ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ក្រម​ទ្រម​ពេញ​ខ្លួន​របួស​ធ្ងន់ធ្ងរ​។​ជាងនេះទៅទៀត​ប៉ូលិស​ឈ្មោះ​ទូច​ធារ៉ា​បាន​បង្គាប់​ឱ្យ​ឪពុកម្ដាយ​ជនរងគ្រោះ​យកលុយ​៤.០០០.០០០​រៀ​l​មកឱ្យ​ពួកខ្លួន​ទើប​ឱ្យ​មនុស្ស​ទៅផ្ទះ​វិញ​។​ដោយ​ក្នុង​ម្នាក់ៗ​២​លាន​រៀល​២​នាក់​ស្មើ​៤​លាន​រៀល​។​

ក្រោយពេល​ទទួល​លុយ​រួច​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ដោះលែង​ពួកគេ​ទៅផ្ទះ​វិញ​។​ដោយសារ​របួសធ្ងន់​ពេក​អ្នក​ទាំង​២​ត្រូវបាន​សម្រាក​ព្យាបាល​ព្យួរសេរ៉ូម​ចាក់​ថ្នាំ​ស្គែ​ន​ខួរក្បាល​អស់​ម្នាក់ៗ​ជិត​១.០០០​ដុល្លារ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២២​ខែកក្កដា​។​ជាមួយគ្នា​នោះ​ខាង​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង​បានចេញ​លិខិត​បញ្ចា​ក់ថា​៖ អ្នក​ទាំង​២​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទេ​និង​ពិត​ជាមាន​របួសស្នាម​។​

​លុះដល់​ថ្ងៃទី​២៣​ខែកក្កដា​២០២០​គ្រួសារ​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជើង​ទឹក​។​ប៉ុន្តែ​មន្ត្រី​ប៉ុស្តិ៍​មិន​ទទួល​បណ្ដឹង​ទេ​ដោយ​ដេញ​ឱ្យ​ពួកខ្លួន​ទៅប្ដឹង​នៅ​តុលាការ​ទៅ​។​ឆ្លើយតប​និង​ការលើកឡើង​នេះ​លោក​អនុ​សេនីយ៍​ឯង​ទូច​ធារ៉ា​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តព្រៃវែង បាន​ទទួលស្គាល់ថា​៖”​ខ្លួន​ពិតជា​បាន​ដក​កាំភ្លើង​វាយ​ខោក​ក្បាល​ជនរងគ្រោះ​ប្រាកដ​មែន​”​។​

​អនុ​សេនីយ៍​ឯង​ទូច​ធារ៉ា​បាន​បន្តថា​ព្រោះ​ពួកគេ​រឹងទទឹង​មិន​ព្រម​ប្រគល់​ខ្លួន​តាម​សមត្ថកិច្ច​។​ចំពោះ​រឿង​យក​លុត​៤.០០០.០០០​រៀល​ជា​ថ្នូរ​និង​ការដោះលែង​ជនរងគ្រោះ​នោះ​លោក​ទូច​ធារ៉ា​បាន​ថ្លែងថា​៖”​ខ្លួន​ពិតជា​បាន​យកលុយ​នោះ​ប្រាកដ​មែន​”​។​ប៉ុន្តែ​មិនមែន​យកមក​ចាយ​ខ្លួនឯង​ទេ​គឺ​យកមក​ជូន​ព្រះរាជអាជ្ញា​ខេត្តព្រៃវែង​ទាំងអស់ ជា​ថ្នូរ​នឹង​ការដោះលែង​ពួកគេ​”​។​

​ចំណែក​លោក​ប៊ូ​ប៊ុនហាង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង​បាន​ថ្លែងប្រាប់​នៅ​ល្ងាច​ថ្ងៃទី​២៣​ខែកក្កដា​២០២០​ថា​៖”​ខ្ញុំ​មិនបាន​ទទួល​លុយ​៤​លាន​រៀល​ហ្នុ​ង​ទេ​”​។​លោក​បន្តថា​៖​ខ្ញុំ​មិនដឹង​រឿង​មួយណា​ទេ ព្រោះ​រឿង​ច្រើនណាស់ លោក​សូម​មិន​បកស្រាយ​បន្ត​ឡើយ​។​

​ករណីនេះ​គ្រួសារ​រងគ្រោះ​បានស្នើរ​យ៉ាងទទូច​ដល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ក៏​ដូច​ស្ថាបន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តាជួយ​រក​យុត្តិធម៌​ដល់​ពួកខ្លួន​ផង​។​ក្នុងនាម​ជា​ពលរដ្ឋ​ស្លូតត្រង់​ដែល​រងគ្រោះ​ព្រោះ​មន្ត្រីប៉ូលិស​ខេត្ត​ម្នាក់​ចាប់វាយ​ធ្វើបាប​ពលរដ្ឋ​ស្លូតត្រង់​តាមតែ​ទំនើងចិត្ត​បែបនេះ​៕​ដោយ​៖​ធារ៉ា​

Leave a Reply

Your email address will not be published. Required fields are marked *