ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

មិនមែន​សមត្ថកិច្ច​បុក​តែ​ជាការ​បើក​បំ​បុក​សមត្ថកិច្ច​ដើម្បី​គេចខ្លួន​ទៅវិញ​ទេ​

​មណ្ឌលគិរីៈ​រដ្ឋបាល​ស្រុក​កែវ​សីមា​កាលពី​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០​នេះ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ក្រោយ​មាន​មហាជន និង​សារព័ត៌មាន មួយចំនួន​តូច​មានការ​ភាន់ច្រឡំ ទៅ​និង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​កងឯកភាព​ស្រុក​កែវ​សីមា​ថា​ជាការ «​បើ​កបំ​បុក ឡាន​របស់​ក្រុម​ឈ្មួញ​ដើម្បី​ចាប់​»​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន បាន​បង្ហាញថា នៅវេលា​ម៉ោង​៤ និង ៤៥​នាទី​ទៀបភ្លឺ ថ្ងៃទី​២២ ខែ កក្កដា ឆ្នាំ​២០២០ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន នៃ​គណៈបញ្ជាការ​ឯកភាព​ស្រុក ដឹកនាំ​ដោយ​លោក​ហឿន សុខ​ណា​អភិបាលរង​ស្រុក​និង​ជា​ប្រធាន​ក្រុមការងារ​លេខាធិការដ្ឋាន​បានធ្វើ​ការចាប់​ឃាត់​រថយន្ត​កាមរី​ឆ្លាម​ពណ៌​ទឹកប្រាក់​១​គ្រឿង​គ្មាន​ស្លាក​លេខ​។​ដែល​ដឹកឈើ​ប្រភេទ​លេខ​១​សុ​ក្រំ​ចំនួន​៣​ដុំ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​អៀង​សុគន្ធ​ព្រះរាជ​អ​ជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ។​

​ក្នុង​សកម្មភាព​នោះ ក៏បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជនល្មើស ដោយបាន​រកឃើញ​គំនរ​ឈើ​ប្រភេទ​លេខ​១ សុ​ក្រំ​និង​គគីរ ដែល​ក្រុម​ជនល្មើស​បាន​ដឹក​យកមក​ទុក ចំនួន​៣៤ ដុំ​។​ក្នុងនោះ​មាន សុ​ក្រំ​ចំនួន ២៨​ដុំ និង​គគីរ​ចំនួន​៦​ដុំ​នៅ​ចំណុច​បរិវេណ​ផ្ទះ​របស់​ឈ្មោះ​ណា​ង​តៃ​ស្រ៊ា​ន​ស្ថិតនៅ​ក្នុងភូមិ​ឡា​ប៉ា​ខេ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បានបញ្ជាក់​ប្រាប់​ថា​វត្ថុតាង​ដែល​រឹបអូស​រួមមាន​៖​រថយន្ត​ឆ្លាម​ពណ៌​ទឹកប្រាក់ ចង្កូត​ឆ្វេង​គ្មាន​ស្លាក​លេខ​១​គ្រឿង​ឈើ​អារ​បួន​ជ្រុង​ចំនួន​៣៤​ដុំ​ដែល​ឈើ​ទាំងនោះ​ត្រូវ​ប្រគល់ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជា​អ្នកគ្រប់គ្រង​។

​ការប្រកាស​ព័ត៌មាន​នោះបាន​បន្តទៀតថា​ករណី​នេះ​មានការ​ភាន់ច្រឡំ​ដល់​មហាជន​និង​អ្នកសារព័ត៌មាន​មួយចំនួន​ថា​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយបាន​ចោទប្រកាន់ថា​ក្រុមការងារ​បង្ក្រាប​បទល្មើស​ស្រុក​បាន​បើក​បំ​បុក​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពីក្រោយ​ធ្វើឱ្យ​អ្នកបើកបរ​មាន​របួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​។

​ជាក់ស្ដែង​ករណីនេះ​ជា​ករណី​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដោយ​ក្រុម​ជនល្មើស​ដឹកឈើ​ខុសច្បាប់​បាន​បើករថយន្ត​កាមរី​ឆ្លាម​ពណ៌​ទឹកប្រាក់​បំ​បុក​សមត្ថកិច្ច​ចម្រុះ​បម្រុង​គេចខ្លួន​តែ​ត្រូវបាន​ជាប់​ជាមួយនឹង​កាង​រថយន្ត​មន្ត្រី​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ទៅមុខ​ពុំរួច​នៅ​ចំណុចកើតហេតុ​តែម្ដង​។

​ក្រុមគ្រួសារ​ជនល្មើស​បានចេញ​មកជួយ​និង​បានធ្វើ​សកម្មភាព​ប្រើ​ហិង្សា​និង​ជេរ​បញ្ចោរ​ក្រុម​សមត្ថកិច្ច​គ្រប់បែបយ៉ាង ព្រមទាំង​បាន​រារាំង​សមត្ថកិច្ច​ជំនាញ​មិនឱ្យ​រឹបអូស​វត្ថុតាង និង​ជនបង្ក​ថែម​ទៀតផង​។​

​ក្រុម​លេខាធិការដ្ឋាន​ស្រុក​កែវ​សីមា​ត្រូវបានគេទទួលស្គាល់​ថាស​កម្ម​ភាព​ក្នុងការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ខ្លាំងណាស់​។​ប៉ុន្តែ​ដោយសារតែ​ចំនួន​នៃ​ក្រុម​ប្រព្រឹត្ត​បទល្មើស​សុទ្ធសឹងតែ​ជា​មនុស្ស​កាច​សាហាវ ទើប​ការបង្ក្រាប​ពុំមាន​ភាព​ស្រាក​ស្រា​ន​ទាល់តែសោះ​៕​ចាន់​បុត្រ​

Leave a Reply

Your email address will not be published. Required fields are marked *