ព័ត៌មានសង្គម សន្តិសុខ

ឆេះ​បន្ទប់​ស្នាក់​នៅ​​បុគ្គលិក​រោងចក្រ​បង្កការភ្ញាក់ផ្អើលកណ្តាលយប់

ភ្នំពេញ៖ភ្លើង​បានឆាបឆេះ​បន្ទប់​ស្នាក់​នៅរបស់​បុគ្គលិក​រោងចក្រ​ផលិត​មី​យីហោ​“ប្រេស៊ី​ដេនហ្វូត”​មួយកន្លែង ស្ថិតនៅជាប់​ផ្លូវ​លេខ២១៧​ ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៣ ។សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម្ចាស់បន្ទប់ឈ្មោះ ភីសើតកាត់សែម អាយុ៧០ឆ្នាំជនជាតិថៃ ជាអ្នកគ្រប់គ្រងរោងចក្រផលិតមីស្នាក់នៅកន្លែងខាងលើ។បន្ទប់ដែលឆាបឆេះទំហំ៨ម៉ែត្រគុណ៨ម៉ែត្រ ធ្វើពីបេតុងនៅជាន់ទី១។​ មុន​​កើតហេតុ​បុគ្គលិកសន្តិសុខម្នាក់កំពុង​​អង្គុយ​យាម​នៅ​ក្នុង​រោងចក្រ​។​ពេលនោះ​បុរស​​ថៃរូបនោះបានស្រែក​ហៅ​ឱ្យ​គេជួយ​។ លុះ​មានអ្នករត់​ទៅ​ក៏ឃើញ​​ភ្លើ​ង​និងផ្សែង​ហុយ​ខ្មួលខ្មាញ់​ចេញ​ពី​បន្ទប់​ស្នាក់នៅតែម្តង។ពួក​គាត់​បានត្រឹម​តែ​ទាញទុយោ​ទឹក​ និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​មកបាញ់​អស់​​៣-៤បំពង់​តែ​មិន​អាចគ្រប់​គ្រងបាន​ ទើប​រាយការណ៍​ទៅកម្លាំង​សមត្ថកិច្ច​សុំ​ឱ្យ​រថយន្ដពន្លត់អគ្គិភ័យ​មក​ជួយ​​អន្តរាគមន៍​។ក្រោយ​មក​​រថយន្ត​ពន្លត់​អគ្គិភ័យ​មកពីបណ្តាអង្គភាពផ្សេងៗចំនួន៥គ្រឿងដល់កន្លែងកើតហេតុបានបាញ់ទឹកពន្លត់អស់ចំនួន៣រថយន្ដ ទើបភ្លើងរលត់នៅម៉ោង៤ទៀបភ្លឺថ្ងៃដដែល។គ្រោះ​អគ្គិភ័យនេះត្រូវបានម្ចាស់ទីតាំងអះអាងថា បង្កមកពីឆ្លងចរន្តអគ្គិសនីចេញពីកំសៀវដាំទឹកទើបធ្វើឱ្យមានការឆាបឆេះនេះឡើង។តែមិន​បណ្ដាលឱ្យគ្រោះថ្នាក់ដល់​មនុស្ស​និងរាលដាលដល់អ្នកជិតខាង​ទេ​ គឺ​ឆេះ​សម្ភារក្នុង​បន្ទប់​អស់​ទាំង​ស្រុង​​៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *