ព័ត៌មានសង្គម សេដ្ឋកិច្ច

​ពលរដ្ឋ​ឃុំ​ព្រែក​ត្នោត​នឹង​ទទួលបាន​ផ្លូវ​បេតុង​មួយ​ខ្សែ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​

កំពត​៖​អភិបាលខេត្ត​កំពត​បា​ន​ជំរុញ​ដល់​អាជ្ញាធរ​និង​បណ្តា​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​គាំទ្រ​រាល់​កិច្ច​អភិវឌ្ឍ​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ ពិសេស​គម្រោង​នៃ​ការសាងសង់​ផ្លូវ​ធ្វើដំណើរ​។ កាលពី​​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​មាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ពិភាក្សា​គម្រោង​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ស្របតាម​បណ្ដោយ​ឆ្នេរសមុទ្រ​ស្ថិតក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​។​

ក្នុង​កិច្ចប្រជុំ​នោះ​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍ថា​រាល់​ការអភិវឌ្ឍន៍​រមែង​មាន​ផលប៉ះពាល់​តិច​ឬ​ច្រើន​ដោយ​មិនអាច​គេចផុត​ឡើយ​បើ​មិន​ប៉ះពាល់​ផលប្រយោជន៍​រដ្ឋ​ក៏​ប៉ះពាល់​ផ្នែក​ឯកជន​ឬ​ប្រជាពលរដ្ឋ​ជាក់​ជាមិនខាន​។​

ម្ល៉ោះហើយ​ទើប​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​បណ្តោយ​ជាង​៣.៥០០​ម៉ែត្រ​ទទឹង​១២​ម៉ែត្រ​ប្រប​ឆ្នេរសមុទ្រ​ស្ថិតក្នុង​ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ​នេះ​តម្រូវឱ្យមាន​កិច្ចសហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​រក​ដំណោះស្រាយ​។​

​ជា​គំនិត​របស់លោក​ទាំង​អាជ្ញាធរ​ក៏ដូចជា​មន្ត្រី​ជំនាញ​គួរ​គាំទ្រ​គម្រោង​នេះ​ព្រោះ​បន្ទាប់ពី​ស្ថាបនា​រួចរាល់​ផ្លូវ​មួយ​ខ្សែ​នោះ​នឹង​បម្រើ​ផលប្រយោជន៍​រួម​ទាំងអស់គ្នា​។​លោក​អភិបាលខេត្ត​បាន​បន្តថា​ក្នុងករណី​ដែលមាន​ការយល់ព្រម​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ក៏ត្រូវ​មាន​គំរូ​ប្លង់​មេ​ប្រកាស​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ព្រមទាំង​ម​ជ្ឍ​ដ្ឋា​ន​នានា​ឱ្យបាន​ទូលំទូលាយ​ជៀសវាង​បាតុភាព​អវិជ្ជមាន​ណាមួយ​កើតឡើង​ពេល ឬ​ក្រោយ​ការសាងសង់​រួចរាល់​។​

​សូមបញ្ជាក់ថា​កន្លងមក​គម្រោង​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​ចាប់ផ្តើម​ស្ថាបនា​បាន​ជាង​មួយ​ពាន់​ម៉ែត្រ​ទៅហើយ​តែ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជំទាស់​ព្រោះ​មានការ​យល់ច្រឡំ​ទើប​ផ្អាក​ដំណើរការ​វិញ​។​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត​កំពត​បាន​ចង្អុលបង្ហាញ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន រួមមាន ១, អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ចុះ​សិក្សា​កំណត់​ទីតាំង​ឱ្យបាន​ច្បាស់លាស់​ជាមុន​។​

២,​មន្ត្រី​សុរិយោដី​ត្រូវធ្វើ​គំរូ​ប្លង់​មេ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។​៣,​រដ្ឋបាល​ស្រុក​ទឹកឈូ​និង​អាជ្ញាធរ​ឃុំ​ព្រែក​ត្នោត​ត្រូវ​ចុះ​សម្របសម្រួល​ព្រមទាំង​ស្រង់​ព័ត៌មាន​លម្អិត​ទាក់​ទង់​នឹង​គម្រោង​សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ​៕ឌីណា

rsc

Leave a Reply

Your email address will not be published. Required fields are marked *