Featured នយោបាយ

ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត៖​កងកម្លាំងទាំងអស់ត្រូវ​ស្មោះត្រង់​ចំពោះ​ជាតិសាសនា​ព្រះមហាក្សត្រ​

ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​សូមឱ្យ​មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់​ថ្នាក់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ សូម​រក្សា​ភាពស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ​។​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងៗ​។​

​ការ​ថ្លែង​នេះ​នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បើកបរ​រថយន្ត​ធុន​ធ្ងន់ ប្រភេទ​អូស​សណ្តោង ជំនា​ន់ទី​១ និង​ជំនាញ​កុំព្យូទ័រ​រដ្ឋបាល​វគ្គ​ទី​១-​វគ្គ​ទី​២ របស់​កងពលតូច​ដឹកជញ្ជូន​លេខ​៩០ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០២០​។

​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បន្តថា​ត្រូវ​យកចិត្តទុកដាក់​ជា​ចាំបាច់​លើ​ការងារ​អប់រំ​ចិត្តសាស្ត្រ​និង​ស្វែងយល់​អំពី​សភាពការណ៍​ថ្មីៗ​ដើម្បី​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ​សំដៅ​ធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​កងទ័ព​ក្នុងការ​ពង្រឹង​ខឿន​ការពារជាតិ​ការពារ​ឯករាជ្យ​អធិបតេយ្យ​បូរណភាព​ទឹកដី​និង​សន្តិភាព​ជាតិ​។​

មានតែ​សន្តិភាព​ទេ​ដែល​នាំមក​នូវ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដូចដែល​យើង​កំពុងមាន​សព្វថ្ងៃនេះ​និង​សម្រាប់​បន្ត​ដល់​អ្នកជំនាន់ក្រោយៗ​បន្តបន្ទាប់​ទៀតផង​ដែរ​។

​សូម​អរគុណ​សន្តិភាព​,​សូម​អរគុណ​អ្នករក​សន្តិភាព​និង​សូម​នាំគ្នា​ថែរក្សា​កុំឱ្យ​បាត់បង់​។ ទន្ទឹមនឹងនេះ ក៏ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​ក្នុងការ​លើកស្ទួយ​ជីវភាព​រស់នៅ​និង​សុខមាលភាព​របស់​កង​ទ័ព​និង​ត្រៀមកម្លាំង​មធ្យោបាយ​និង​សម្ភារៈ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយ​កត្តា​មនុស្ស​ឬ​ធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​ឱ្យបានរ​ហ័ស​បំផុត​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការព្យាយាម​យកចិត្តទុកដាក់​របស់​កងពលតូច​ដឹកជញ្ជូន​លេខ​៩០ ក្នុងការ​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ ។​ការខ្វះខាត​នានា​ដើម្បី​សម្រេចបាន​នូវ​បទបញ្ជា​និង​សេចក្តីណែនាំ​នានា​របស់​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​ទាំង​លើ​ការងារ​ជំនាញ​ដឹកជញ្ជូន​។​

​ជាពិសេស​នៅក្នុង​ព្រឹត្តិការណ៍​កងទ័ព និង​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​ជាច្រើន​ក្នុង​រយៈកាល​កន្លងមក​, ការងារ​គ្រប់គ្រង​កម្លាំង​,​និង​ការងារ​ជួសជុល​-​ថែទាំ​សម្ភារ​បច្ចេកទេស​,​ក៏ដូចជា​ការខិតខំ​កសាង​ពង្រឹង​អង្គភាព​ដោយ​សម្រេចបាន​សមិទ្ធិផល​និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ជាច្រើន​។​បម្រើឱ្យ​ការបំពេញ​ការងារ​កាន់​តែមាន​ប្រសិទ្ធភាព​ហើយ​ជីវភាព​និង​សុខមាលភាព​របស់​កង​ទ័ព​កាន់តែ​ល្អ​សមរម្យ​។​

​ទាំងនេះ​ក៏បាន​ឆ្លុះបញ្ចាំង​ផងដែរ​អំពី​សមត្ថភាព​របស់​ក​ង​ពល​ក្នុងការ​ក្តាប់ជាប់​នូវ​តួនាទី​និង​ភារកិច្ច​លើ​ការងារ​ដឹកជញ្ជូន​ដែលជា​សរសៃឈាម​រស់​ពុំ​អាច​ខ្វះ​បាន រួមចំណែក​ផ្សារភ្ជាប់​ទាន់ពេលវេលា រវាង​សមរភូមិ​មុខ​និង​សមរភូមិ​ក្រោយ​និង​ដែលមាន​អត្ថន័យ​កំណត់​ដល់​លទ្ធផល​ការងារ​ភ័ស្តុភារ​កងទ័ព​។

ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​សូម​គាំទ្រ​ចំពោះ​ការ​បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការខិតខំ​កែខៃ​បំពេញបន្ថែមរាល់ចំណុចខ្វះខាតនានាដើម្បីធ្វើយ៉ាងណាឱ្យបណ្តាវគ្គហ្វឹកហ្វឺនឆ្នាំ២០២០​នាពេលខាងមុខ អាច​ដំណើរការ​ទៅ​កាន់តែ​ប្រសើរឡើង​។​សូម​ណែនាំ​ដល់​គ្រប់​បណ្តា​អង្គភាព​និង​សាលា​ចំណុះ​កងទ័ពជើងគោក​ទាំងអស់​ចាំបាច់​ត្រូវ​ចាប់ផ្តើម​យកចិត្តទុកដាក់​និង​ទទួលខុសត្រូវ​ខ្ពស់​ធ្វើយ៉ាងណា​ឱ្យ​ការហ្វឹកហ្វឺន​ធានាបាន​នូវ​គុណភាព​ជាជាង​បរិមាណ​។​

​ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ចំនួន​ទ័ព​ពេល​ហ្វឹកហ្វឺន​ធានា​សុខុមាលភាព​សន្តិសុខ​សុវត្ថិភាព​ទាំង​មនុស្ស​និង​សម្ភារៈ​គ្រឿង​បំពាក់​ឱ្យបាន​ល្អប្រសើរ​៕សុភាព

rsc

Leave a Reply

Your email address will not be published. Required fields are marked *