ព័ត៌មានសង្គម សេដ្ឋកិច្ច

ខេត្តកំពង់ស្ពឺ​និង​វិទ្យាស្ថាន​ស្រាវជ្រាវ អភិវឌ្ឍន៍​កសិកម្ម​ចិន​សហ​ការដាំ​កប្បាស​១០​ម៉ឺន​ហិកតា​

កំពង់ស្ពឺ​៖ រដ្ឋបាលខេត្ត​កំពង់ស្ពឺ និង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​រសៀល​ថ្ងៃទី​១៧​មករា​ឆ្នាំ​២០២០​បាន​ចុះ​អនុស្សរណៈ​ស្តីពី​គម្រោង​ដាំ​ដុះ​កប្បាស ១០​ម៉ឺន​ហិកតា ក្នុង​ខេត្តកំពង់ស្ពឺ​។

​លោក​វ៉ី​សំណាង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​បានឱ្យដឹងថា​៖​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បានធ្វើ​ឱ្យមាន​សន្តិភាព​និង​ជំនឿ​ជឿទុកចិត្ត​ពី​សំណាក់​អ្នកវិនិយោគទុន​ក្រៅប្រទេស​។​ជាក់ស្ដែង​ក្នុង​ខេត្តកំពង់ស្ពឺ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទទួលបាន​ការវិនិយោគ ២៦១​រោងចក្រ ដំណាំ​ស្វាយកែវ​ល្មៀត​៤.៥០០​ហិកតា​និង​ដំណាំ​អំពៅ​ជាង ៤​ម៉ឺន​ហិកតា​ផងដែរ ។

​លោក​បាន​បន្តថា​៖​ចំពោះ​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​នៃ​ប្រទេស​ចិន​បាន​ចាប់អារម្មណ៍​ទៅលើ​ការដាំដុះ​ដំណាំ​កប្បាស​នៅ​ខេត្តកំពង់ស្ពឺ​នេះ​គឺ​ពិតជា​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​រីករាយ​ស្វាគមន៍​និង​រំពឹងថា​ដំណាំ​កប្បាស​នេះ​និង​ជួយ​ប្រជាពលរដ្ឋ​កាត់បន្ថយ​ភាពក្រីក្រ​អាច​ផ្ដល់​ការងារ​ជា​ច្រើ​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ស្ពឺ​នេះ​។​ជាពិសេស​ដើម្បី​កាន់តែ​រឹតចំណង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ទៅវិញទៅមក​រវាង​ខេត្តកំពង់ស្ពឺ​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​

​លោក Li Zheng ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​មានប្រសាសន៍ថា​៖​ដោយសារ​មើលឃើញថា​ខេត្តកំពង់ស្ពឺ​មាន​អាកាសធាតុ​ល្អ​ដី​មាន​ជីជាតិ​និង​សក្តានុពល សក្តិសម​នឹង​ដំណាំ​កប្បាស​ចំណែក​ប្រជាជន​នៅ​ខេត្តកំពង់ស្ពឺ ក៏​ឧស្សាហ៍​ព្យាយាម​។​ដូច្នេះ វិទ្យាស្ថាន​មាន​គោលបំណង​វិនិយោគ​ដាំ​កប្បាស​ចំនួន​១០​ម៉ឺន​ហិកតា​នៅ​ខេត្តកំពង់ស្ពឺ​ជា​លើកដំបូង​សិន ។ លោក​បន្តថា​ប្រសិន ១០​ម៉ឺន​ហិកតា​នេះ ទទួលបាន​ជោគជ័យ វិទ្យាស្ថាន និង​ក្រុមហ៊ុន​វិនិយោគ នឹង​បន្ត​ដាំ​ដុះ​នៅ​ខេត្ត​ផ្សេងៗ​ទៀត ។​

​លោក តឹក ង៉ូ​យ សហគ្រិន​ខ្មែរ​-​អាមេរិក ដែល​គេ​ស្គាល់​ថា​ជា​ស្ដេច​នំ​ដូ​ណាត់ បាន​ដឹកនាំ​គណៈប្រតិភូ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​អភិឌ្ឍន៍​កសិកម្ម​និង​ក្រុមហ៊ុន​វិនិយោគ​ដាំ​កប្បាស​របស់​ប្រទេស​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​។​លោក​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​លោក​បាន​ទៅ​ទស្សនកិច្ច​ដំណាំ​កប្បាស​នៅ​ប្រទេស​ចិន​ដោយ​ប្រជាជន​ចិន​នៅ​ខេត្ត​ស៊ី​ជាំ​ង​ដាំ​កប្បាស​១​ហិកតា​ទទួលបាន​ផល​៧​តោន​។​

​ដែលមាន​ចំនួន​ច្រើន​បើ​ប្រៀបធៀប​ទៅ​ដំណាំ​ស្រូវ​និង​មានតម្លៃ​ខ្ពស់​មាន​ភាពងាយស្រួល​ដាំ​ដែល​អាច​រកចំណូលបាន​ខ្ពស់​សម្រាប់​ប្រជាកសិករ​។​នេះ​ជា​ជោគជ័យ​មួយទៀត​សម្រាប់​កម្ពុជា​ដែលជា​ប្រទេស​មាន​សន្តិភាព​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គសេនាបតី​តេ​ជោ​ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​កសិកម្ម​ក​ប្បាស​នៃ​ប្រទេស​ចិន​មើលឃើញ​កម្ពុជា​មុនគេ​ក្នុងចំណោម​បណ្ដា​ប្រទេស​អាស៊ាន ។

​លោក តឹក ង៉ូ​យ បាន​បន្ថែមទៀតថា បន្ទាប់ពី​ការចុះ​អនុស្សរណៈ​យោគយល់ រវាង​ខេត្តកំពង់ស្ពឺ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​នៃ​ប្រទេស​ចិន​ទៅលើ​កិច្ចសហប្រតិបត្តិការ​លើក​សិ​កម្ម​ដំណាំ​ក្បាស​នេះ មិនយូរ​ទេ​ភាគី​ចិន​មក​ធ្វើការ​បណ្ដុះបណ្ដាល ការងារ​បច្ចេកទេស​ផ្ដល់​ពូជ​ល្អ​លេខ​១ ជី និង​ការថែទាំ​ដល់​ប្រជាកសិករ​ខ្មែរ​ហើយ​នៅពេល​ប្រមូល​ផល​គឺ​លក់​ឱ្យ​ក្រុមហ៊ុន​តែម្ដង​ដោយ​ក្រុមហ៊ុន​ធានា​ទីផ្សារ​ជូន​កសិករ​៕​សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *