ព័ត៌មានសង្គម សេដ្ឋកិច្ច

រដូវបិទនេសាទនៅខេត្តស្ទឹងត្រែងចាប់ផ្តើមពីថ្ងៃនេះតទៅ

ស្ទឹងត្រែង៖ស្ទឹងត្រែងគឺជាខេត្តមួយដែលមានដងទន្លេចំនួន៤គឺទន្លេមេគង្គ,សេកុង,សេសាននិងស្រែពក។ជារៀងរាល់ឆ្នាំពេលរដូវវស្សាចាប់ផ្ដើមមកដល់ភ្លៀងក៏ធ្លាក់ទឹកទន្លេចាប់ផ្ដើមជន់ឡើងតិចៗ។ជាមួយនោះត្រីគ្រប់ប្រភេទដែលរស់នៅក្នុងទឹកទន្លេនារដូវប្រាំង អន្លង់ជ្រៅៗព្រៃលិច ទឹកកោះថ្ម នៅភូមិសាស្ត្រតាមដងទន្លេមេគង្គជាប់ព្រំប្រទល់ស្រុកសៀមបូកខេត្តស្ទឹងត្រែងជាមួយស្រុកសំបូរខេត្តក្រចេះ។

ពពួកត្រីធម្មជាតិទាំងនោះបានចាប់ផ្ដើមបម្លាស់ទីពីដងទន្លេមេគង្គស្ទឹងត្រែង-ក្រចេះទៅរកកន្លែងបន្តពូជពងកូននៅផ្នែកខាងលើនៃដងទន្លេក្នុងខេត្តស្ទឹងត្រែង។រដូវត្រីបម្លាស់ទីនៅទន្លេមេគង្គលើនេះប្រជាពលរដ្ឋបានចាប់ផ្ដើមនេសាទត្រីដោយប្រើមងក្រឡាបណ្ដែតតាមទឹកក្នុងភូមិសាស្ត្រចំណុចប្រសព្វគ្នារវាងក្រុងស្ទឹងត្រែងនិងស្រុកថាឡាបរិវ៉ាត់ដោយតំបន់នោះគឺជាចំណុចប្រសព្វគ្នាររវាងទន្លេមេគង្គនិងសេកុង។

នៅដើមរដូវវស្សាត្រីចំរុះបានឆ្លងកាត់តំបន់នោះពីក្រោមឡើងទៅផ្នែកខាងលើដើម្បីបន្តពូជពងកូននៅតាមព្រៃលិចទឹក កោះថ្ម  អន្លង់ជ្រៅ អូរ ថ្លុក ត្រពាំងជាដើម។ខណៈពេលត្រីពងពេញពោះកំពុងបម្លាស់ទីឆ្លងកាត់ចំណុចប្រសព្វនៃទន្លេមេគង្គនិងសេកុងអ្នកនេសាទនៅខេត្តស្ទឹងត្រែងដាក់ម៉ងបណ្ដែតទូករាប់សិបដើម្បីចាប់ត្រីយកទៅធ្វើប្រហុកបកនិងលក់បន្តចេញទៅក្រៅខេត្តលើសពីតម្រូវការនាំឱ្យមានហានិភ័យ។

រដូវត្រីពងចាប់ផ្ដើមបម្លាស់ទីអ្នកនេសាទចាប់ផ្ដើមដាក់មងយកមកធ្វើម្ហូបនិងលក់បន្តលើសពីតម្រូវការអាចនាំឲ្យផលត្រីកាន់តែថយចុះជារៀងរាល់ឆ្នាំ។ស្របពេលនោះអាជ្ញាធរខេត្តស្ទឹងត្រែងបានស្នើសុំទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទយកតំបន់ខេត្តស្ទឹងត្រែងបិទនេសាទចាប់ពីថ្ងៃទី ១ ខែឧសភា  ដល់ថ្ងៃទី៣០ ខែ កញ្ញាជារៀងរាល់ឆ្នាំ។ពោលគឺតំបន់ខេត្តស្ទឹងត្រែងដល់ពេលវេលាបិទនេសាទមុនទន្លេមេគង្គក្រោម។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែងឆ្នាំ ២០២១ នេះបានដាក់ចេញសេចក្តីប្រកាសដោយយោងតាមប្រកាសលេខ ៤៤០ប្រក.កសកចុះថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០១៣ស្ដីពីវិធានការការពារត្រីមេពូជនៅរដូវពងកូនសម្រាប់តំបន់ទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។កំឡុងពេលបិទនេសាទនេះគឺមិនអនុញ្ញាតឱ្យធ្វើការនេសាទដោយឧបករណ៍មងគ្រប់ប្រភេទសំដៅដើម្បីការពារត្រីមេពូជកំឡុងពេលបង្កកំណើតខ្ពស់នេះ។

ទន្ទឹមជាមួយគ្នានេះដែរសូមបងប្អូនមេត្តាបញ្ឈប់ជាបន្ទាន់នូវការប្រើឧបករណ៍ឆក់បំពុលនិងគ្រឿងផ្ទុះដែលជាប្រភេទឧបករណ៍នាំឲ្យវិនាសអន្តរាយដល់ធនធានជលផលនិងមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត។

ទោះបីជាក្នុងរដូវបិទនេសាទក៏ដោយបងប្អូនប្រជាពលរដ្ឋនៅតែអាចធ្វើការនេសាទបានដោយប្រើនូវឧបករណ៍នេសាទជាលក្ខណៈគ្រួសារមានដូចជា សៃយឺន លប   សំណាញ់សន្ទូចផ្លែមួយ អង្រុត ចាន់ តុម ទ្រូ កញ្ច្រែងដងត្រីនិងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាតសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ៕ដោយ:សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *