Featured ព័ត៌មានអន្តរជាតិ

មកដឹងពីសព្វាវុធ រថពាសដែក និងយន្តហោះអាមេរិក ដែលធ្លាក់ដល់ដៃក្រុម តាលីបង់

ព័ត៌មានអន្ដរជាតិ៖បច្ចុប្បន្ន ក្រុមអ្នកប្រយុទ្ធតាលីបង់ កំពុងកាន់កាប់កាំភ្លើងរហូតដល់ទៅ ២០០.០០០ ដើម-រថយន្ត Humvees ២០.០០០ គ្រឿងនិងយន្តហោះរាប់រយគ្រឿង ដែលអាមេរិកបានផ្តល់ឱ្យកងទ័ពអាហ្វហ្គានីស្ថាន។

ព័ត៌មាននេះបានកើតឡើង បន្ទាប់ពីមានវីដេអូលេចធ្លាយមួយ បង្ហាញពីពួកតាលីបង់កំពុងធ្វើតេស្តឧទ្ធម្ភាគចក្រ Blackhawk ផលិតនៅអាមេរិកតម្លៃ៦លានដុល្លារ។កាលពីសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានទទួលស្គាល់ថា សហរដ្ឋអាមេរិកមិនដឹងច្បាស់ថាតើ សព្វាវុធប៉ុន្មាន ពេលនេះបានធ្លាក់ដល់ដៃសត្រូវនោះទេ។

ប៉ុន្តែសារព័ត៌មានជាច្រើនបានចែករំលែកស្ថិតិគួរឱ្យព្រួយបារម្ភ រួមទាំងរថយន្តម៉ាក Humvees ចំនួន ២២.០០០ គ្រឿង ដែលអាមេរិកបានផ្តល់ទៅឱ្យកងកម្លាំងអាហ្វហ្គានីស្ថាននៅចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៦ ផងដែរ។គ្រឿងបរិក្ខារដែលផ្តល់ដោយអាមេរិកដល់កងទ័ពអាហ្វហ្គានីស្ថាន ដែលបច្ចុប្បន្នអាចស្ថិតនៅក្នុងកណ្តាប់ដៃរបស់ក្រុមតាលីបង់ ក៏រួមមានរថយន្តយុទ្ធសាស្ត្រចំនួន ៥០.០០០ គ្រឿង រថយន្តធុននឹងគ្រាប់មីន ១.០០០ គ្រឿងនិងរថពាសដែក ១៥០ គ្រឿងផងដែរ។

យន្តហោះដែលទំនងជាទុកឱ្យក្រុមតាលីបង់ប្រើប្រាស់រួមមានយន្តហោះនិងឧទ្ធម្ភាគចក្រជាង ១៦០ គ្រឿង។ ក្នុងនោះមានយន្តហោះដឹកជញ្ជូន C-130 ចំនួន៤គ្រឿង, យន្តហោះវាយប្រហារ A-29 Super Tucano ចំនួន២៣គ្រឿង, ឧទ្ធម្ភាគចក្រ UH-60 Black Hawk ចំនួន៤៥គ្រឿង និងឧទ្ធម្ភាគចក្រ MD530 ចំនួន៥០គ្រឿង។

អាមេរិកក៏បានផ្តល់កាំភ្លើងយ៉ាងហោចណាស់ ២០០,០០០ ដើមដល់កងទ័ពអាហ្វហ្គានីស្ថានផងដែរ រួមមានកាំភ្លើងបាញ់ស៊ីប M24, កាំភ្លើង M18, មីស៊ីលប្រឆាំងរថក្រោះ, កាំភ្លើងស្វ័យប្រវត្តិ, កាំភ្លើងត្បាល់និងគ្រាប់រ៉ុកកែត។នៅចន្លោះឆ្នាំ ២០០៣ ដល់ ២០១៦ សហរដ្ឋអាមេរិកបានទិញឱ្យកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននូវរថយន្តធុនស្រាលចំនួន ៤២.០០០ គ្រឿង ដូចជារថយន្តភីកអាប់ Ford Ranger និងរថយន្តដឹកទំនិញជាដើម ហើយមានរថយន្តយុទ្ធសាស្ត្រធុនមធ្យមចំនួន ៩.០០០ គ្រឿងនិងរថយន្ត Humvees ជាង២២.០០០ គ្រឿងទៀត។ដោយគ្រាន់តែសម្រាប់រថយន្ត Humvees, សហរដ្ឋអាមេរិកបានចំណាយប្រាក់ប្រហែល ២,១៣ ពាន់លានដុល្លារទៅហើយ។

នៅចន្លោះឆ្នាំ ២០០៧ ដល់ ២០១៦ សហរដ្ឋអាមេរិកបានផ្តល់ឱ្យកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននូវឧទ្ធម្ភាគចក្រចំនួន ១១០ គ្រឿងនិងយន្តហោះដឹកទំនិញចំនួន ៦០ គ្រឿង។ នេះបើយោងតាមរបាយការណ៍របស់ ការិយាល័យគណនេយ្យភាពរដ្ឋាភិបាល ដែលបោះពុម្ពផ្សាយដោយគេហទំព័រ Openthebooks.com៕ប្រភព៖ Daily Mailប្រែសម្រួល៖ Vann Vann

rsc

Leave a Reply

Your email address will not be published. Required fields are marked *