ព័ត៌មានសង្គម សេដ្ឋកិច្ច

បញ្ចប់ការសាងសង់ទំនប់អាងទឹក“រក្សា”លើដងស្ទឹងសែនខេត្តព្រះវិហារ

ព្រះវិហារ៖ការដ្ឋានសាងសង់ទំនប់អាងទឹក រក្សា ដែលមានទឹកស្រោចស្រពដំណាំកសិកម្មនៅរដូវវស្សាបានចំនួន១៤៣.៣២៣ហិកតា និងរដូវប្រាំងបានចំនួន២២.៨៧៨ហិកតាត្រូវបានបញ្ចប់។លោកចាបកុយប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារបានឱ្យដឹងកាលពីល្ងាចថ្ងៃទី១១ខែសីហានេះថា ទំនប់អាងស្តុកទឹក រក្សា ដែលស្ថិតនៅលើដងស្ទឹងសែន ក្នុងព្រំប្រទល់ឃុំពុទ្រា និងឃុំរក្សា ស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ។ទំនប់នេះ បានសាងសង់ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់រួចរាល់ជាស្ថាពរចុងខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ។មន្ត្រីក្រសួងធនធានទឹក បានឱ្យដឹងថា ទំនប់អាងស្តុកទឹក “រក្សា” នេះ មានប្រវែងសរុប២.៩៥៦ម៉ែត្រ អាចស្តុកទឹកបានប្រមាណ ២៥៧លានម៉ែត្រគូប ដោយមានទ្វារទឹកធំចំនួន ២០ទ្វារ ។ទ្វារទឹកនីមួយៗមានទំហំ១០ម៉ែត្រ និងទម្ងន់ប្រមាណជាង ៦០តោនព្រមទាំងមានបម្រុងទុកនូវទ្វារទឹក និងបំពង់សម្រាប់តួប៊ីនចំនួន៣កន្លែង ដែលអាចផលិតថាមពលវារីអគ្គិសនីបាន១,៥០មេហ្គាវ៉ាត់។

ទំនប់អាងស្តុកទឹកនេះ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់ដំណាំកសិកម្មរបស់ប្រជាកសិករនៅរដូវវស្សាបានចំនួន១៤៣.៣២៣ហិកតា និងនៅរដូវប្រាំងបានចំនួន២២.៨៧៨ហិកតា ។ជាប្រភពដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងជួយកាត់បន្ថយទឹកជំនន់និងគ្រោះរាំងស្ងួតតាមរយៈយន្តការបច្ចេកទេសច្បាស់លាស់នៃការគ្រប់គ្រងធនធានទឹកចម្រុះរបស់ស្ទឹងសែនដែលគ្របដណ្តប់ភាគច្រើនលើទឹកដីនៃខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ជាមួយនេះខាងក្រសួងធនធានទឹក ក៏បានស្នើដល់គាគីចិន ឱ្យបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លីអំពីបច្ចេកទេសប្រើប្រាស់លើឧបកណ៍ សម្ភារបំពាក់ និងការបញ្ជាបិទ-បើកទ្វារដល់មន្រ្តីនៃនាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ និងខេត្តកំពង់ធំផងដែរ មុនពេលបញ្ចប់សុពលភាព និងប្រគល់-ទទួលជាផ្លូវការមកភាគីកម្ពុជា៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *