សន្តិសុខ

​គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​១៣៧​ថ្ងៃ​ស្លាប់​៥៧៣​នាក់​និង​របួស​ជាង​១.៧០០​នាក់​

ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​រយៈពេល​១៣៧​ថ្ងៃ​បណ្តាលឱ្យមាន​អ្នកស្លាប់​ចំនួន​៥៧៣​នាក់​និង​ជាង​១.៧០០​នាក់​ផ្សេងទៀត​របួសធ្ងន់​និង​ស្រាល​។​ចំណែក​យានយន្ត​ជាង​១៧​ម៉ឺន​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ត្រួតពិនិត្យ និង​ផាកពិន័យ​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១៣៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៤ ខែកញ្ញា បានកើត​ឡើង ១.១៣៥​លើក បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ៥៧៣​នាក់ របួស​ចំនួន ១.៧៧២​នាក់ ។​ក្នុងនោះ​របួសធ្ងន់ ១.០៥២​នាក់​។ ដោយឡែក​ថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៤ ខែកញ្ញា កើតឡើង​ចំនួន ១៤​លើក ស្លាប់ ៨​នាក់ និង​របួស​ចំនួន ២០​នាក់ ក្នុងនោះ​របួសធ្ងន់ ១៦​នាក់​។​

​ឯ​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៣៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៤ ខែកញ្ញា​យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៧០.១២៧​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១២.៦០៨៣​គ្រឿង និង​រថយន្ត​មាន​ចំនួន ៤៤.០៤៤​គ្រឿង (​រថយន្ត​តូច ៣៧៨៣៦​គ្រឿង និង​រថយន្ត​ធំ ៦២០៨​គ្រឿង​)​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​ចំពោះ​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *