ព័ត៌មានសង្គម វប្បធម៌

ទំនៀមទម្លាប់​មួយ​ក្នុងចំណោម​បេតិកភណ្ឌ​អរូបី​យ​នៃ​អ្នកស្រុក​អង្គរ​

សៀមរាប​៖​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០២០​ប្រជាជន​ទាំងប្រុស​ស្រី​ចាស់​ក្មេង​ប្រមាណ​៥០០​នាក់​បានមក​ប្រមូល​ផ្តុំគ្នា​នៅ​បឹង​ធំ​មួយ​ដែល​ស្ថិតនៅ​ក្នុងភូមិ​បង្កោង​ឃុំ​អំពិល​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​។
​បឹង​ធំ​មួយ​នេះ​អ្នកភូមិ​អភិរក្ស​ត្រី​ទុក​មិនឱ្យ​មានការ​នេសាទ​ផ្តេសផ្តាស​នោះឡើយ​គឺ​សម្រាប់តែ​រកត្រី​រួមគ្នា​ដើម្បី​យកមក​ធ្វើជា​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ក្នុង​ថ្ងៃ​ឡើង​មាឃ​ឬ​ឡើងអ្នកតា​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​២៧​ខែមករា​ឆ្នាំ​២០២០​។

​ត្រី​នោះ​យក​ធ្វើ​ម្ហូប​សម្រាប់​គ្រួសារ​ព្រមទាំង​ទទួលភ្ញៀវ​ដែលជា​ទំនៀម​របស់​អ្នកស្រុក​អង្គរ​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​។​នៅ​ម៉ោង​៧​ព្រឹក​គណៈកម្មការ​ភូមិ​បាញ់​កាំជ្រួច​បន្លឺ​ស្នូរ​ជាស​ញ្ញា​អនុញ្ញាតឱ្យ​ចុះ​ចាប់​ត្រី​បាន​ហើយ​។​

​ដោយឡែក​ការរក​ត្រី​នេះ​អនុញ្ញាតឱ្យ​ប្រជាជន​ក្នុងភូមិ​បង្កោង​តែប៉ុណ្ណោះ​ដោយ​មិន​អនុញ្ញាតឱ្យ​ប្រជាជន​ភូមិ​ក្រៅ​ចុះ​ចាប់​នោះឡើយ​។​ការនេសាទ​ប្រើប្រាស់​តែ​ឧបករណ៍​បុរាណ​ទាំងអស់​រួមមាន​ដូចជា​ឆ្នៀង​អង្រុត​និង​សំណាញ់​ជាដើម​។​ចំពោះ​ការចាប់​ត្រី​នេះ​គណៈកម្មការ​បានកំណត់​ជា​ពីរ​ផ្នែក​។​

ជាដំបូង​ប្រជាជន​ទាំងអស់​អាច​រកត្រី​ទុក​សម្រាប់​ខ្លួនឯង​ផ្ទាល់​។​រីឯ​មួយផ្នែក​នៃ​បឹង​ដែល​ដាក់​សម្រាស់​ការពារ​មិនឱ្យ​ចាប់ពី​ដំបូង​នោះ​ត្រូវ​ចាប់​ទុក​រួម​សម្រាប់ធ្វើ​ទឹក​នំ​បញ្ចុក​ប្រគេន​ព្រះសង្ឃ​។

​លោក​ពេជ្រ​ឃិន​មេភូមិ​បង្កោង​និង​ជា​គណៈកម្មការ​រៀបចំ​បានឱ្យដឹងថា​ដោយនៅ​ឆ្នាំនេះ​ខ្សត់​ទឹកភ្លៀង​និង​មិនមាន​ទឹកធំ​ផង​ទើប​មិន​សំបូរ​ត្រី​។​គណៈកម្មការ​គ្រប់គ្រង​និង​អភិរក្ស​បឹង​បាន​ប្រលែង​កូន​ត្រី​ប្រមាណ​១.៥០០​ក្បាល​កាលពី​អំឡុង​ខែ​១០​ឆ្នាំ​២០១៩​ដើម្បី​រក្សា​ទិន្នផល​ត្រី​ដើម្បី​បាន​ផ្គត់ផ្គង់​កម្មវិធី​នៅ​ឆ្នាំនេះ​បន្ត​។​

លោក​បន្តថា​ការចាប់​ត្រី​ឡើង​មាឃ​នេះ​មាន​ជា​យូរយារ​មកហើយ​។​រៀងរាល់​ខែមាឃ​បន្ទាប់ពី​បញ្ចប់​ការ​ច្រូតកាត់​និង​ដាក់​ស្រូវ​ក្នុង​ជង្រុក​រួចរាល់​។​លោក​បញ្ជាក់ថា​ថ្វីបើ​កម្មវិធី​នេះ​មាន​ជា​យូរ​មកហើយ​តែ​ការរៀបចំ​បាន​គគ្រឹគគគ្រេង​ប្រមាណ​ជាង​១០​ឆ្នាំ​កន្លងមកនេះ​។​

លោក​មេភូមិ​បាន​បន្តថា​នៅពេល​លោក​មាន​តួនាទី​ជា​មេភូមិ​ក្នុងភូមិ​បង្កោង​លោក​តែងតែ​អប់រំ​ប្រជាជន​ក្នុងភូមិ​និង​អ្នកណា​ក៏ដោយ​ដែល​នឹង​ក្លាយជា​អ្នកដឹកនាំ​បន្តវេណ​ពី​លោក​ធ្វើយ៉ាងណា​ថែរក្សា​ទ​នៀម​ទម្លាប់​នេះ​ឱ្យបាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​នាពេល​អនាគត​។​

​លោកស្រី​ឆៃ​ណា​តដៃ​មមាញឹក​ចាប់​ត្រី​ដោយ​ដៃ​ម្ខាង​កាន់​អង្រុត​ដៃ​ម្ខាង​រាវរក​ត្រី​ក្នុង​អង្រុត​បាន​និយាយ​ដោយ​ទឹកមុខ​រីករាយ​ថា​ខ្ញុំ​បានមក​រកត្រី​ជា​រៀងរាល់ឆ្នាំ​។​ថ្ងៃនេះ​បាន​ក្រោក​មកជា​មួយ​អ្នកភូមិ​តាំងពី​ម៉ោង​៥​ទាបភ្លឺ​មកម្ល៉េះ​។​

លោកស្រី​បន្តថា​ឆ្នាំនេះ​មិនសូវ​សំបូរ​ត្រី​ដូច​ឆ្នាំមុនៗ​នោះទេ​ដោយសារតែ​ឆ្នាំនេះ​មិនមាន​ទឹកធំ មានតែ​ទឹកភ្លៀង​ប៉ុណ្ណោះ បណ្តាលឱ្យ​ទិ​ន្និ​ផល​ត្រី​ធ្លាក់ចុះ​។

​តំបន់​រមណីយដ្ឋាន​អង្គរ​ជា​តំបន់​បេតិកភណ្ឌ​រស់​ដែល​សម្បូរ​ទៅដោយ​មរតក​អរូបី​យ​ជាច្រើន​ហើយ​ត្រូវបាន​អ្នកស្រុក​អង្គរ​បន្ត​ប្រ​ណិ​ប​ត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។​ពិធីបុណ្យ​ឡើង​មាឃ​ឬ​បុណ្យ​ឡើងអ្នកតា​ក៏​ជា​ទំនៀមទម្លាប់​ប្រពៃណី​មួយ​ក្នុងចំណោម​បេតិកភណ្ឌ​អរូបី​យ​ជាច្រើន​ប្រ​ណិ​ប​ត្តិ​ដោយ​អ្នកស្រុក​អង្គរ​។​

គួរ​បញ្ជាក់ថា​រៀងរាល់ថ្ងៃ​១​កើត​ខែមាឃ​ប្រជាជន​តែងតែ​រកត្រី​រួមគ្នា​ដើម្បី​យក​ត្រី​មក​ធ្វើ​ម្ហូប​និង​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​សម្រាប់​ថ្ងៃ​៣​កើត ខែមាឃ ដែលជា​ថ្ងៃ​ឡើង​មាឃ ឬ​ឡើងអ្នកតា​៕​ខេងរ៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *