ព័ត៌មានសង្គម សុខាភិបាល

​ក្រុមការងារ​ក្រុង​ព្រះវិហារ​ចុះ​ផ្សព្វផ្សាយ​ណែនាំ​ពី​វិធានការ​ការពារ​ការចម្លង​វីរុស​កូ​វីដ​១៩

ខេត្តព្រះវិហា​រៈ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០២០​រដ្ឋបាល​សាលាក្រុង​ព្រះវិហារ​ដឹកនាំ​ដោយ​លោក ប៉ុក ងួន អភិបាលក្រុង និង​ក្រុមការងារ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្ត ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​ប្រណាក​,​និង​មន្ត្រី​ស​.​ស​.​យ​.​ក​។​ក្រុង​បាន​ចុះ​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​វិធានការ​ការពារ​ការចម្លង​វិ​រុស​កូ​វីដ​១៩​ចំពោះ​ម្ចាស់​រថយន្ត​និង​អ្នកដំណើរ​ដែល​ស្ថិតនៅ​ទីតាំង​មួយចំនួន​នៅក្នុង​ក្រុង​/​ខេត្តព្រះវិហារ​។

​ទីតាំង​ដែល​ក្រុមការងារ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ក្នុងពេលនោះ​រួមមាន ទីតាំង​ចំណតរថយន្ត​ក្រុង ,​បេនឡាន​ផ្សារ​កំពង់​ប្រណាក​,​និង​អាគារ​សង្កាត់​កំពង់​ប្រណាក​។​មានប្រសាសន៍​ក្នុងឱកាស​ចុះ​ផ្សព្វផ្សាយ​នាពេលនោះ​លោក​ប៉ុក​ងួន​អភិបាលក្រុង​បាន​ណែនាំ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ត្រូវ​ធ្វើដំណើរ​ពី​គ្រប់​ភូមិសាស្ត្រ​ក្នុង​ខេត្តព្រះវិហារ​ឆ្ពោះទៅ​និង​ត្រឡប់​មកពី​រាជធានី​ភ្នំពេញ​ក៏ដូចជា​ទៅមក​ខេត្ត​ផ្សេងៗ​ទៀត​។​ពលរដ្ឋ​ត្រូវ​អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​ទៅតាម​គោលការណ៍​ណែនាំ​និង​វិធានការ​ការពារ​ការ​រា​ត្បា​ត​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ការទប់ស្កាត់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។

ចំពោះ​វិធាន​ការដែល​បាន​ចុះ​ផ្សព្វផ្សាយ​នាពេលនោះ​មានដូចជា​ត្រូវ​បើក​បង្អួច​រថយន្ត​ឱ្យ​ខ្យល់​ចេញចូល​ដោយ​មិន​ប្រើ​ម៉ាស៊ីនត្រជាក់​។​អ្នកដំណើរ​និង​អ្នកបើកបរ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស់​ដើម្បី​ជៀសវាង​ការចម្លង​ជាយថាហេតុ​នៃ​ជំងឺ​ផ្សេងៗ​រូ​ម​ទាំង​ជំងឺ​កូ​វីដ​១៩​។ ត្រូវ​សម្អាត​រថយន្ត​ជាប្រចាំ​ដោយ​ប្រើ​ទឹកសាប៊ូ និង​ជូត​អាកុល​តាម​ធ្នាក់​កៅអី​។ ម្ចាស់​រថយន្ត​ត្រូវ​វាស់​កម្ដៅ ត្រូវមាន​ទឹក​អាកុល​ឬ​ជែ​ល​អាកុល ឱ្យ​អ្នកដំណើរ​លាងដៃ​ពេល​ឡើងលើ​រថយន្ត​។​

​ចំពោះ​អ្នកបើកបរ​រថយន្ត​ទាំងអស់​បើ​មាន​រោគសញ្ញា​ផ្ដាសាយ​ដូចជា​ក្ដៅខ្លួន ឈឺបំពង់ករ ហៀ​សំបោរ ឬ​ពិបាក​ដកដង្ហើម​ត្រូវ​ផ្អាក​ការបើកបរ​ជា​បណ្ដោះអាសន្ន​រួច​អញ្ជើញ​ទៅ​មន្ទីរពេទ្យ​សាធារណៈ​ដើម្បី​ត្រួតពិនិត្យ​សុខភាព​៕​វ៉ាន់ឌី​​

rsc

Leave a Reply

Your email address will not be published. Required fields are marked *