Featured ព័ត៌មានសង្គម សន្តិសុខ

យុទ្ធនាការ “សម្អាតផ្ទះយើង”ក្រសួងមហាផ្ទៃគ្រោង ពិនិត្យរកសារធាតុញៀន លើមន្ត្រីរាជការស៊ីវិលបន្តទៀត

ភ្នំពេញ៖ក្រសួងមហាផ្ទៃគ្រោងពិនិត្យ រកសារធាតុញៀនលើមន្ត្រី រាជការស៊ីវិលបន្តទៀតតាមយុទ្ធនាការ “សម្អាតផ្ទះយើង”។ កន្លងមកក្រសួងមហាផ្ទៃបានពិនិត្យ ស្វែងរកសារធាតុញៀនលើមន្ត្រីកងកម្លាំងនគរបាល តាមបណ្ដាស្នងការរាជធានី ខេត្ត ។ជាមួយនោះបានបណ្តេញមន្ត្រីនគរបាលមួយចំនួនចេញពីក្របខ័ណ្ឌ បន្ទាប់ពីរកឃើញសារធាតុញៀនក្នុងខ្លួន។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៩ ខែមករានេះថា ក្រសួងមហាផ្ទៃ នឹងបន្តអនុវត្តកិច្ចការងារនេះលើមន្ត្រីរាជការស៊ីវិលបន្តទៀត ក្រោយពេលបញ្ចប់ការពិនិត្យរកសារធាតុញៀនលើមន្ត្រីកងកម្លាំងនគរបាលជាតិ។ អ្នកនាំពាក្យបានបន្តថា “ជាការពិត ការពិនិត្យស្វែងរកសារធាតុញៀន នឹងបន្តអនុវត្តលើមន្ត្រីរាជការស៊ីវិលបន្ថែមទៀត តែបច្ចុប្បន្នផ្នែកកងកម្លាំងមិនទាន់បញ្ចប់នៅឡើយ”។លោក ទូច សុឃៈ បានឱ្យដឹងទៀតថា មកដល់បច្ចុប្បន្ន ការពិនិត្យស្វែងរកសារធាតុញៀនលើមន្ត្រីកងកម្លាំងនគរបាលជាតិ ជាបណ្ដោះ​អាសន្នអាចនិយាយបឋមថា មានមន្ត្រីកងកម្លាំងនគរបាលជាតិចន្លោះពី៤០ទៅ៥០នាក់ ដែលផ្នែកជំនាញបានរកឃើញ មានការជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។ តែតួលេខច្បាស់ការយ៉ាងណានោះ លោកមិនទាន់អាចបញ្ជាក់បានទេ ខណៈកម្លាំងជំនាញកំពុងបូកសរុប។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៣កន្លងទៅ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង ចំពោះមន្ដ្រីនគរបាលរូបណាដែលធ្វើតេស្ដរកឃើញមានសារធាតុញៀន។លោក ស សុខា បានថ្លែងថា “សូមប្រកាសតែម្ដងគឺគ្រប់មន្ដ្រីក្រោមឱវាទ ពិសេសកងកម្លាំងប្រដាប់អាវុធចំណុះក្រសួងមហាផ្ទៃ ឱ្យតែធ្វើតេស្ដឃើញសារធាតុញៀន មិនអាចអនុញ្ញាតឱ្យនៅក្នុងក្របខ័ណ្ឌនគរបាលជាតិបានទេ។បើមិនយកពេលវេលានេះដើម្បី “សម្អាតផ្ទះយើងទេ” យើងអត់មានពេលសម្អាតទៀតទេ។ ចំពោះមន្ត្រីក្របខណ្ឌស៊ីវិល មិនទាន់មានការណែនាំជារួមទេ”។

ជាមួយគ្នានេះ លោក ស សុខា បានព្រមានជាថ្មីម្ដងទៀត ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន សូមដកខ្លួនចេញឱ្យឆ្ងាយ ខណៈអ្នកដែលដឹងថា ខ្លួនមានសារធាតុញៀន ក៏ត្រូវស្វែងរកវិធីសាស្ដ្រដើម្បីផ្ដាច់ចោល៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *