ព័ត៌មានសង្គម សេដ្ឋកិច្ច

សត្វហ៊ីង៣ប្រភេទជាមុខម្ហូបអាហារពេញនិយមរបស់អ្នកស្រុកស្ទឹងត្រែងមួយចំនួន

ស្ទឹងត្រែង៖ជារៀងរាល់ដើមឆ្នាំសត្វហ៊ីងដែលលាក់ខ្លួនក្នុងដីពេញមួយឆ្នាំត្រូវភ្លៀងមួយមេបានចេញមកវាលតាមថ្លុកត្រពាំងវាលស្រែដងអូរស្រែកឮខ្លាំងៗត្រូវមនុស្សចាប់យកមកធ្វើម្ហូបព្រោងព្រាត។

ស្ត្រីម្នាក់អង្គុយលក់ហ៊ីងនៅផ្សារស្ទឹងត្រែងនាព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០២១បានប្រាប់ថា៖គាត់ទទួលទិញហ៊ីងទាំងការ៉ុងយកមកដាក់លក់នៅផ្សារសាមគ្គីស្ទឹងត្រែងក្នុង១គីឡូក្រាមតម្លៃទាបបំផុតក៏១៥.០០០រៀល។អ្នកលក់ហ៊ីងបានបន្តថាហ៊ីងនៅថ្ងៃដំបូងខែភ្លៀងធ្លាក់ដើមឆ្នាំមានពងពេញពោះខ្លាញ់ល្អណាស់។

បើសិនជាភ្លៀងធ្លាក់ជោគជាំហ៊ីងស៊ីចំណីសត្វល្អិតដូចជាស្រមោចកណ្ដៀរពេញពោះមិនឆ្ងាញ់ទេ។អ្នកខេត្តស្ទឹងត្រែងនិយមចាប់ហ៊ីងមកត្រាំទឹកអំបិលដើម្បីឱ្យវាផឹកចូលក្នុងពោះរួចយកទៅអាំងចុចជាមួយទឹកជ្រលក់ឬក៏ស្ងោរជ្រក់តាមចិត្តចង់ឆ្ងាញ់ពិសារ។

លោកអ៊ុងសូវៀតប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា៖ “ខ្ញុំគិតថា សត្វហ៊ីងប្រភេទនេះ ការយកមកទទួលទាន មិនមានប៉ះពាល់សុខភាពទេ បើធ្វើបានស្អាត ចម្អិនបានល្អ និងមានអនាម័យ។តាមវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជជួនណាតបានសរសេរថា៖សត្វហ៊ីងគឺជានាមសព្ទសត្វមួយប្រភេទ សន្ដានកង្កែប តែសណ្ឋានមាឌត្រមុល បំប៉ោងខ្លួនបង្កប់ខ្លួននៅក្នុងដីសើមឬក្នុងគំនរស្លឹកឈើសើម។ កាលណាមានភ្លៀងចេញមកខាងក្រៅតែងស្រែកយំឮសូរខ្លាំងហួសមាឌ។

ហ៊ីង មាន៣ប្រភេទគឺ ហ៊ីងកណ្ដោល ឬ ហ៊ីងក្រូត មាឌធំជាងហ៊ីងឯទៀត យំឮក្រេតក្រូតៗ ហ៊ីងជ័រ មាឌតូចជាងហ៊ីងកណ្ដោល មានជ័រស្អិតនៅលើស្បែក យំឮសូរតូចស្រួចក្ងួ ហ៊ីងចំបក់ មាឌតូចជាងហ៊ីងជ័រ យំឮសូរខ្សោយជាងហ៊ីងជ័រ៕សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *