Featured នយោបាយ

​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​៖​ប្រធាន​សាលាដំបូង​ខេត្ត​ចំនួន​បី​នឹងត្រូវ​ផ្លាស់ប្តូរ​

ភ្នំពេញ​៖​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ពិនិត្យ​និង​សម្រេច​អំពី​ការតែងតាំង​ប្រធាន​សាលាឧទ្ធរណ៍​តំបន់​ការផ្ទេរ​និង​តែងតាំង​ប្រធាន​អនុប្រធាន​ចៅក្រម​សាលាដំបូង​រាជធានី​ខេត្ត​មួយចំនួន​។​ការពិនិត្យ​សំណើ​តែងតាំង​អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​ការ​ផ្ទែ​រ​និង​តែងតាំង​ព្រះរាជអាជ្ញា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត​មួយចំនួន​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​។​

​ការពិនិត្យ​សម្រេច​នេះ​បាន​ធ្វើឡើង​នៅក្នុង​សម័យប្រជុំ​លើក​ទី​៣៣​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ព្រះបរមរាជវាំង​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បានឱ្យដឹងថា​៖​លទ្ធផល​នៃ​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មាន​ដូចតទៅ​។​របៀបវារៈ​ទី​១៖​ពិនិត្យ​និង​សម្រេច​អំពី​ការតែងតាំង​ប្រធាន​សាលាឧទ្ធរណ៍​តំបន់​ការផ្ទេរ​និង​តែងតាំង​ប្រធាន​អនុប្រធាន​ចៅក្រម​សាលាដំបូង​រាជធានី​-​ខេត្ត​មួយចំនួន​។

​អង្គប្រជុំ​បានសម្រេច​យល់ព្រម​លើ​ការស្នើ​តែងតាំង​ប្រធាន​សាលាឧទ្ធរណ៍​ព្រះសីហនុ ចៅក្រម​សាលាឧទ្ធរណ៍​ព្រះសីហនុ ១​រូប និង​ប្រធាន​សាលាដំបូង​ខេត្ត​ចំនួន​៣​រូប​។ ​របៀបវារៈ​ទី​២៖​ពិគ្រោះ​យោបល់​លើ​សំណើ​តែងតាំង​អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់ ការផ្ទេរ ។

​តែងតាំង ព្រះរាជអាជ្ញា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ខេត្ត មួយចំនួន​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​៖​អង្គ​ប្រជុំបាន​ផ្តល់យោបល់​យល់ព្រម​លើ​សំណើ​តែងតាំង​អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង​ការផ្ទេរ​និង​តែងតាំង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជ ធានី​-​ខេត្ត សរុប​ចំនួន​៦​រូប ។​

​របៀបវារៈ​ទី​៣ ៖​ពិនិត្យ និង​សម្រេច​លើ​សំណើសុំ​អនុញ្ញាត​ច្បាប់​ទៅ​បន្ត​ការសិក្សា​របស់​ចៅក្រម​១​រូប នៃ​សាលាដំបូង​ខេត្តកណ្តាល ៖ អង្គប្រជុំ​បានសម្រេច​អនុញ្ញាត​ច្បាប់​ឱ្យ​លោកស្រី អ៊ី ម៉ា​ណូ​កា ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ឈប់សម្រាក​រយៈពេល​២​ឆ្នាំ​ចាប់ពី​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២០​ដល់​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២២​។​ដោយ​រក្សា​ក្របខណ្ឌ​និង​គ្មាន​ប្រាក់បៀវត្ស​ដើម្បីឱ្យ​សាមីខ្លួន​បាន​ទៅ​បន្ត​ការសិក្សា​។​

របៀបវារៈ​ទី​៤៖​ពិនិត្យ​និង​សម្រេច​លើ​សំណើសុំ​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​ចៅក្រម​ចំពោះ​ចៅក្រម​កម្មសិក្សា​ចំនួន​៣៩​រូប​៖​អង្គប្រជុំ​បានសម្រេច​យល់ព្រម​លើ​សំណើសុំ​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​ចៅក្រម​ចំពោះ​ចៅក្រម​កម្មសិក្សា​ចំនួន​៣៩​រូប​ដែល​បានបញ្ចប់​កម្មសិក្សា​រយៈ​ពេល​១​ឆ្នាំ​និង​ចាត់​ឱ្យទៅ​បំពេញការងារ​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ។​

​របៀបវារៈ​ទី​៥៖​ពិគ្រោះ​យោបល់​លើ​សំណើសុំ​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​ព្រះរាជអាជ្ញា​ចំពោះ​ព្រះរាជអាជ្ញារង​របស់​ក​ម្ម​សិក្សា​ចំនួន​១៥​រូប​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​៖​អង្គប្រជុំ​បានផ្តល់​យោបល់​យល់​ព្រ លើ​សំណើសុំ​តាំង​ស​ប៊​ប់​ក្នុង​ក្របខណ្ឌ​ព្រះរាជអាជ្ញា ចំពោះ​ព្រះរាជអាជ្ញារង​កម្មសិក្សា​ចំនួន ១៥​រូប ដែល​បានបញ្ចប់​កម្មសិក្សា និង​ចាត់​ឱ្យទៅ​បំពេញការងារ​នៅតាម​អយ្យការ​អម​សាលាដំបូង​ខេត្ត ។​
​របៀបវារៈ​ទី​៦៖​ពិនិត្យ​និង​សម្រេច​អំពី​ការកំណត់​ងារ​សម្រាប់​ចៅក្រម​និង​ព្រះរាជអាជ្ញា​តាម​មុខតំណែង ៖​អង្គប្រជុំ​បានសម្រេច​យល់ព្រម​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្តីពី​ការកំណត់​ងារ​សម្រាប់​ចៅក្រម និង​ព្រះរាជអាជ្ញា​តាម​មុខតំណែង​។​របៀបវារៈ​ទី​៧៖​បញ្ហា​ផ្សេងៗ​៖​អង្គប្រជុំ​មិនមាន​បញ្ហា​អ្វីដែល​ត្រូវ​លើកឡើង​ទេ ។​

ជាទី​បញ្ចប់​នៃ​កិច្ចប្រជុំ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ការខិតខំ​យកចិត្តទុកដាក់​បំពេញ​បំពេញការងារ​របស់​ស​មា​ជិ​ក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។​ព្រះ​ព្រះអង្គ​បានប្រកាស​បិទ​សម័យប្រជុំ​លើក​ទី​៣៣​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ប្រកបដោយ​ជោគជ័យ​និង​បរិយាកាស​ល្អប្រសើរ​៕​សុភាព​

Leave a Reply

Your email address will not be published. Required fields are marked *