Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សន្តិសុខ

អាជ្ញាធរដាស់តឿនឱ្យប្រុងប្រយ័ត្នចំពោះដើមឈើអាចរលំក្នុងរមណីយដ្ឋានអង្គរ

សៀមរាប៖អាជ្ញាធរជាតិអប្សរាបានអំពាវនាវ ដល់ពលរដ្ឋនិងភ្ញៀវទេសចរ ដែលមកទស្សនាតំបន់អង្គរនៅក្នុងរដូវវស្សានេះ ឱ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ដែលអាចមកពីដើមឈើដួលរលំ។មន្ត្រីអាជ្ញាធរជាតិអប្សរាកាលពីចុងសប្ដាហ៍មុនបានអំពាវនាវដោយបញ្ជាក់អំពីការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពរបស់សាធារណជននិងភ្ញៀវទេសចរថា បច្ចុប្បន្ននេះស្ថានភាពអាកាសធាតុទូទៅកំពុងស្ថិតក្នុងរដូវវស្សា។គឺមានភ្លៀងធ្លាក់ខ្លាំងជាប្រចាំ ព្រមទាំងសម្ពាធទាប ដែលបង្កឱ្យមានឥទ្ធិពលពីខ្យល់ព្យុះផ្សេងៗកាន់តែធ្វើឱ្យមានភ្លៀងធ្លាក់លើសពីធម្មតា និងមានខ្យល់ល្បឿនខ្លាំង។

ក្នុងស្ថានភាពនេះ រមណីយដ្ឋានអង្គរក៏ទទួលរងទឹកភ្លៀងក្នុងកម្រិតខ្ពស់ បណ្តាលឱ្យដីមានភាពទន់ជ្រាយវាអាចបណ្តាលឱ្យដើមឈើមួយចំនួនដួលរលំ ព្រមទាំងបង្កផលប៉ះពាល់ដល់ប្រាង្គប្រាសាទ។ជាមួយនោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយដែលឆ្លងកាត់ និងចូលទៅទស្សនាក្នុងរមណីយដ្ឋានអង្គរ។អាជ្ញាធរជាតិអប្សរាបានក្រើនរំលឹក ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងដំណើរចូលទៅកម្សាន្តក្នុងរមណីយដ្ឋានអង្គរ ។ជាពិសេស ពេលមានភ្លៀងធ្លាក់ខ្លាំង គឺសូមនៅឱ្យឆ្ងាយពីដើមឈើធំៗ កុំចូលទៅជ្រក ឬចតយានយន្តក្រោមដើមឈើឡើយ ដើម្បីចៀសវាងគ្រោះថ្នាក់ណាមួយកើតឡើង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *